កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់លោក អឿ ណារិទ្ធ សកម្មជនអតីតគណបក្សប្រឆាំង កាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ពីបទរួមគំនិតក្បត់ [ជាតិ] តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។
វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះថា សមត្ថកិច្ច បានស៊ើបដឹងពីសកម្មភាពរបស់លោក អឿ ណារិទ្ធ ដែលបានផ្តល់ថវិកា ដល់សកម្មជននិងអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដើម្បីជាជំនួយដល់ពួកគេ ក្នុងការចូលរួមនឹងផែនការក្បត់ជាតិនិងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោក បញ្ជាក់ថា៖«ការចាប់ខ្លួនហ្នឹង យើង មានភស្តុតាងគ្រប់គ្រាន់»។
លោក បន្តថា ការចាប់លោក អឿ ណារិទ្ធ គឺធ្វើតាមដីការបស់ព្រះរាជអាជ្ញា។ លោក បន្ថែមថា កម្លាំងសមត្ថកិច្ច បានបញ្ជូនលោក អឿ ណារិទ្ធ ទៅកាន់ព្រះរាជអាជ្ញាហើយ។
អ្នកនាំពាក្យនគរបាលភ្នំពេញ មិនទាន់អាចផ្តល់ព័ត៌មានបន្ថែមនោះទេថា កម្លាំងសមត្ថកិច្ច នឹងបន្តស៊ើបនិងតាមចាប់អ្នកផ្សេងទៀត ដែលសង្ស័យពីការចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល ឬយ៉ាងណា។
ការចាប់លោក អឿ ណារិទ្ធ គឺស្របពេលដែលលោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង បានប្រកាសផែនការលើកទី២ ថា លោក នឹងវិលមកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ តែលោក ពុំបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដូចកាលពីប្រកាសផែនការលើកទី១ឡើយ។ ក្នុងវីដេអូឃ្លីប ដែលបង្ហោះចេញពីប្រទេសបារាំង លោក សម រង្ស៊ី និយាយថា៖«ខ្ញុំ បានឃើញសាររបស់បងប្អូនថា ចាំតែសម រង្ស៊ី ចាំតែលោកប្រធានមក [កម្ពុជា] ទេ ប្រជារាស្ត្រ នឹងងើបហើយ ព្រោះចង់ងើបយូរហើយ ចាំតែឱកាស ចាំតែមេមកដល់…»។
ផែនការលើកទី១ លោក ប្រកាសថា ចូលស្រុក នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបរាជ័យ។
លោក អឿ ណារិទ្ធ ដែលធ្លាប់ជាជំនួយការរបស់អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សប្រឆាំង ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងនិងកម្លាំងសមត្ថកិច្ច កាលអំឡុងឆ្នាំ២០១៤។ កាលនោះ លោក ត្រូវចាប់ខ្លួនជាមួយនឹងអ្នកស្រី មូរ សុខហួរ រួមទាំងតំណាងរាស្ត្រផ្សេងទៀតនៃអតីតគណបក្សប្រឆាំង ដូចជា លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភីរម្យ និង លោក រៀល ខេមរិន្ទ្រ ជាដើម។
មុខនឹងសមត្ថកិច្ច ចាប់លោក អឿ ណារិទ្ធ មានមន្ត្រីអតីតគណបក្សប្រឆាំងម្នាក់ហើយ គឺអ្នកស្រី ប៉ែន មុំ ត្រូវកាត់ទោសពីបទរួមគំនិតក្បត់ [ជាតិ] នេះ។ អ្នកស្រី ប៉ែន មុំ ជាអតីតសមាជិកានៃក្រុមប្រឹក្សាឃុំខាងគណបក្សប្រឆាំង នៅឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។ នៅដើមខែកញ្ញា ឆ្នាំ២០២០នេះ តុលាការខេត្តកំពត បានប្រកាសសាលក្រមផ្តន្ទាទោសអ្នកស្រី ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរួមគំនិតក្បត់ [ជាតិ]។
តាមពិតរឿងក្តីរបស់អ្នកស្រី មិនមែនទើបកើតឡើងនាពេលថ្មីៗនេះទេ គឺកើតឡើងតាំងចុងឆ្នាំ២០១៩មកម្ល៉េះ ដោយកាលនោះ ជាពេលដែលលោក សម រង្ស៊ី ប្រកាសចូលស្រុកលើកទី១។ ក្នុងអំឡុងពេលនោះ អ្នកស្រី និងសកម្មជនអតីតគណបក្សប្រឆាំងប្រមាណ៧០ទៅ៨០នាក់ទៀត ត្រូវចាប់ខ្លួនពីបទរួមគំនិតក្បត់ [ជាតិ] ហើយត្រូវបានដោះលែងវិញ តាមការស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែត្រូវស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ទីបំផុត រឿងក្តីរបស់អ្នកស្រី ត្រូវបានតុលាការ សើរើឡើងវិញ និងឈានដល់កាត់ទោសអ្នកស្រីឲ្យជាប់ពន្ធនាគារ៥ឆ្នាំ។
ក្រៅពីអ្នកស្រី ប៉ែន មុំ និង លោក អឿ ណារិទ្ធ មានសកម្មជននិងយុវជនជាង១០នាក់ផ្សេងទៀត ទើបនឹងត្រូវចាប់ខ្លួន។ អ្នកទាំងនោះ មានដូចជា អតីតព្រះសង្ឃ កើត សារាយ យុវជន មាន ព្រហ្មមុនី យុវជន ហ៊ុន វណ្ណៈ យុវជន ថា ឡាវី យុវជន ថុន រដ្ឋា យុវជន មួង សុភ័ក្ត្រ យុវតី ឈឿ ដារាវី យុវតី សូ មេត្តា យុវតី ស កន្និកា យុវតី ឡុង គន្ធា និង យុវតី ភួន កែវរស្មី ជាដើម។ អតីតព្រះសង្ឃ និងយុវជនយុវតីទាំងនោះ ភាគច្រើនជាសមាជិកនៃក្រុមយុវជនខ្មែរថាវរៈនិងក្រុមយុវជនចលនាមាតាធម្មជាតិ។
ចំណែក លោក រ៉ុង ឈុន មេសហជីព និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវចាប់ខ្លួនមុនយុវជនយុវតីខាងលើ។ អ្នកទាំង២ ត្រូវចាប់ខ្លួន ក្រោមការសង្ស័យថា បានបំភ្លៃខុសការពិតពីរឿងព្រំដែន។ ឯយុវជយុវតី ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចេញទាមទារឲ្យដោះលែងអ្នកទាំង២ និងទាមទារឲ្យមានយុត្តិធម៌សង្គម។ នៅមានមនុស្សមួយចំនួនទៀត ដែលត្រូវចាប់ខ្លួន ដូចជា យុវជនជាអ្នកចម្រៀងរ៉េប ជា គន្ធា រួមទាំងមន្ត្រីអតីតគណបក្សប្រឆាំង២រូប គឺ លោក ជុំ វុទ្ធី និង លោក ឈួ ផេង។
ភាគច្រើនក្នុងចំណោមពួកគេ ត្រូវចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
អង្គការជាតិ-អន្តរជាតិ រិះគន់រដ្ឋាភិបាលថា បិទសិទ្ធិសេរីភាព និងស្នើឲ្យដោះលែងអ្នកទាំងនោះវិញ។ យ៉ាងណា មន្ត្រីរដ្ឋាភិបាល បកស្រាយថា វិធានការលើអ្នកទាំងនោះ គឺធ្វើទៅតាមច្បាប់៕
ប្រភព៖ Thmey Thmey