នៅក្នុងសុន្ទរកថាមួយទៅកាន់ក្រុមមេបញ្ជាការកងទ័ពអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ នាយឧត្ដមសេនីយ៍ឯក លោក Hossein Salami អគ្គមេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានប្រកាសជាថ្មីថា អ៉ីរ៉ង់នឹងសងសឹកសហរដ្ឋអាមេរិក រួមទាំងអ្នកពាក់ព័ន្ធទាំងដោយផ្ទាល់ ឬប្រយោល អ្នកដែលបានធ្វើឃាត អតីតមេទ័ពកំពូល លោក Qassem Soleimani ។
បើតាមទីភ្នាក់ងារព័ត៌មាន Tasnim លោក Salami ថ្លែងព្រមានយ៉ាងដូច្នេះថា៖«ការសងសឹកឱ្យវិញ្ញាណក្ខ័ន្ធមេទ័ពកំពូលដ៏ឆ្នើមរបស់យើង គឺជារឿងជាក់លាក់, ប្រាកដប្រជា និងជាការពិត។ យើងនឹងសងសឹក លើអ្នកទាំងឡាយណាដែលមានជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់ ឬដោយប្រយោលនឹងការស្លាប់របស់ បុរសដ៏អស្ចារ្យម្នាក់នេះ (លោក Qassem Soleimani)»។
គួររំឮកថា អតីតអគ្គមេបញ្ជាការកំពូលនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Qassem Soleimani និងជាមេដឹកនាំមានឥទ្ធិពលលំដាប់ទី២នៅអ៉ីរ៉ង់ ត្រូវបានលោកប្រធានាធិបតី ដូណាល់ត្រាំ បញ្ជាឱ្យ យន្ដហោះដ្រូនអាមេរិក សម្លាប់ក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ។ ក្រោយមរណភាពនេះ អ៉ីរ៉ង់បានសន្យាជាច្រើន លើកថានឹងសងសឹកសហរដ្ឋអាមេរិក ហើយសូម្បីតែមន្ត្រីចារកម្មអាមេរិកខ្លះក៏ជឿជាក់ដែរថាទីក្រុងតេហេរ៉ង់ កំពុងរៀបចំផែនការសងសឹក ៕