អតីតជំនួយការអ្នកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អឿ ណារិទ្ធ ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញហើយ ទំនងដោយសារតុលាការរកមិនឃើញភស្តុតាង ។
នេះបើតាមអ្នកនាំពាក្យប៉ូលិសក្រុងភ្នំពេញ លោក សាន សុខសីហា ដែលប្រាប់សារព័ត៌មានអេឡិចត្រូនិច Thmey Thmey នៅព្រឹកថ្ងៃទី២២ កញ្ញា ២០២០នេះ ។
លោកស័ក្តិ៥ សាន សុខសីហា បានបញ្ជាក់ថា «ជាទូទៅ ចាប់ គឺដោយសារតែមានភស្តុតាងដាក់បន្ទុក តែបើគ្មានភស្តុតាងអ្វីដាក់បន្ទុកទេ គឺដោះលែងវិញហើយ»។
សូមបញ្ជាក់ថា លោក អឿ ណារិទ្ធ សកម្មជនអតីតគណបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី២០ កញ្ញា ២០២០ ពីបទរួមគំនិតក្បត់ [ជាតិ] តាមមាត្រា៤៥៣នៃក្រមព្រហ្មទណ្ឌ។
លោក អឿ ណារិទ្ធ ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រអតីតគណបក្សប្រឆាំងនិងកម្លាំងសមត្ថកិច្ច កាលអំឡុងឆ្នាំ២០១៤។ កាលនោះ លោក ត្រូវចាប់ខ្លួនជាមួយនឹងអ្នកស្រី មូរ សុខហួរ រួមទាំងតំណាងរាស្ត្រផ្សេងទៀតនៃអតីតគណបក្សប្រឆាំង ដូចជា លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ លោក កែវ ភីរម្យ និង លោក រៀល ខេមរិន្ទ្រ ជាដើម ៕