រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ខណៈដែលមន្ត្រីរាជការជាន់ខ្ពស់ស្ទើរគ្រប់លំដាប់ថ្នាក់ បានរួបរួមគ្នាបរិច្ចាគប្រាក់ខែយ៉ាងតិច៤ខែ ក្នុងចំនួន១០០ភាគរយ ឬ មួយផ្នែកនៃប្រាក់ខែនោះ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមឆ្នាំ២០១៧ គឺកីឡាករ ឃីម ឌីម៉ា ក៏បានប្រកាសបរិច្ចាគថវិការបស់ខ្លួនចូលរួមផងដែរ។
បើទោះជាការបរិច្ចាគរបស់លោកមិនមែនជាចំនួនច្រើន តែក៏ជាទឹកចិត្តលះបង់មួយជាគំរូ ខណៈដែលគេដឹងថា កីឡាករភាគច្រើន គឺមានជីវភាពខ្វះខាត ប៉ុន្តែកីឡាករ ឃីម ឌីម៉ា បែរជាចេញមុខបរិច្ចាគជួយទៅវិញនោះ។
យោងតាមការប្រកាសកីឡាករ ឃីម ឌីម៉ា បានសម្រេចស្នើអោយកាត់ប្រាក់ខែរបស់ខ្លួនចំនួន១០ម៉ឺនរៀលក្នុង១ខែ ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19)។ ការផ្តល់ជូននេះ មានរយៈពេល៥ខែ ដោយគិតចាប់ពីខែឧសភា ឆ្នាំ២០២០តទៅ។
កីឡាករដែលមានតួនាទីខាងក្រៅជាអនុសេនីយ៍ត្រី និងជាជំនួយការវរសេនាតូចលេខ១នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញរូបនេះ បញ្ជាក់ថា ការសម្រេចអោយកាត់ប្រាក់ខែរបស់លោក បើទោះជាមិនមែនចំនួនច្រើនណាស់ណា តែក៏ជាការរួមចំណែកមួយដើម្បីអោយកម្លាំងនៃការជួយសង្គមកាន់តែមានកម្លាំងធំ។
កីឡាករប្រដាល់ដ៏ល្បីល្បាញនៅកម្ពុជារូបនេះ បន្តថា ខ្លួនបានបរិច្ចាគប្រាក់បៀវត្សរ៍ក្នុងក្របខណ្ឌកងរាជអាវុធហត្ថចំនួន១០ម៉ឺនរៀលក្នុង១ខែ មានរយៈពេល៥ខែជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយលោករំពឹងថា ការចូលរួមរបស់លោក គឺជាសារតូចមួយ បង្ហាញពីកម្លាំងសាមគ្គី។
ជាមួយនឹងទឹកចិត្តនេះ មានមនុស្សមិនតិចទេ សរសើរថា ឃីម ឌីម៉ា ដ្បិតថា មិនមែនជាកីឡាករដែលមានជីវភាពមានបាន តែនៅពេលសង្គមត្រូវការការចូលរួម លោកក៏ចេះចែករំលែកផងដែរ គឺមិនមែនសម្អាងថាកូវីត១៩បង្កការប៉ះពាល់ ហើយក៏ខ្វះការចូលរួមនោះទេ។ (កែសម្រួលដោយ ៖ បុប្ផា)