ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធករណីប្រើប្រាស់អាវុធជាតិផ្ទុះ ធ្វើឲ្យខាតដល់ធនធានធម្មជាតិ តាមបញ្ញត្តិមាត្រា៦១ និងមាត្រា៥៦ ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2020/04/c16a5320fa475530d9583c34fd356ef5-7.jpg)
សេចក្តីរាយការណ៍បន្តថា ជនត្រូវចោទខាងលើឈ្មោះ រ៉េន លីណា ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅបច្ចុប្បន្ននៅភូមិអូរយេះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយត្រូវបានមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិរបស់ដែនជម្រកសត្វព្រៃភ្នំព្រេច នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួនបានកាលពីយប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចអូររហត ស្ថិតក្នុងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច រួមជាមួយវត្ថុតាងកាំភ្លើងកែច្នៃប្រភេទឆ្នុកដូ ងចំនួន១ដើម និងដបដាក់រំសេវចំនួន១ដប សម្រាប់កែច្នៃបរបាញ់សត្វព្រៃ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2020/04/6364d3f0f495b6ab9dcf8d3b5c6e0b01-5.jpg)
ក្រោយការចាប់ឃាត់ខ្លួន ជនជាប់ចោទត្រូវបានមន្ត្រីជំនាញបរិស្ថានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)