ខេត្តបាត់ដំបង៖ បក្សពួកចោរដៃស្អិតម្នាក់ (ចោរឆក់) ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២១ មេសា ខណ:ដែលកំពុងពួនសំងំនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោយពីធ្វើសកម្មភាពឆក់យកកាបូបពីស្ត្រីម្នាក់បានសម្រេច ។
នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង ដែលដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបករណីនេះបាននិយាយថា ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងលោកស្នងការរងទទូលផែនព្រហ្មទណ្ឌ ក្រោយពីទទូលបានពីព័ត៌មាននៃអំពើចោរកម្មនេះ កម្លាំងរបស់លោកដែលមានកិច្ចសហការពីកម្លាំងជំនាញអធិការស្រុកសង្កែផង បានធ្វើការស្រាវជ្រាវភ្លាមៗរហូតឃាត់ខ្លួនដៃដល់បានម្នាក់ ឈ្មោះ ឡឹប ការស៊ីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផង ។
លោកនាយការិយាល័យជំនាញរូបនេះបានបញ្ជាក់ថា ជននេះ ជាមួយនឹងបក្សពួកម្នាក់ទៀតបានជិះម៉ូតូធ្វើសកម្មភាព«ឆក់កាបូប»ពីស្ត្រីម្នាក់ ដែលកំពុងធ្វើដំណើរដែរ កាលពីវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២១ មេសា នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ដែលជនរងគ្រោះឈ្មោះ ឯក សារានី ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខណ:ដែលស្ត្រីរងគ្រោះរូបនេះកំពុងជិះម៉ូតូតាមដងផ្លូវ ។
បើតាមចម្លើយសារភាពរបស់ជនដៃដល់ឈ្មោះ ឡឹម កាស៊ីម បាននិយាយនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានជិះម៉ូតូជាមួយបក្សពួកម្នាក់ទៀត តាមឆក់កាបូបពីជនរងគ្រោះខាងលើនេះមែន ខណ:ដែលគាត់កំពុងជិះម៉ូតដល់ចំណុចកើតហេតុខាងលើ ។ ជននេះបានប្រាប់ថា បន្ទាប់ពីឆក់បានសម្រេចពួកខ្លួនក៏បានជិះទៅសំងំនៅផ្ទះនៅភូមិស្លាកែត សង្កាត់ស្លាកែត តែប៉ុន្មានម៉ោងក្រោយ ក៏ត្រូវសមត្ថកិច្ចមកចាប់ខ្លួនល្មម។
ជនដៃដៃស្អិតរូបនេះ ក៏បានទម្លាយប្រាប់អំពីស្នាដៃប្រព្រឹត្តបទល្មើលរបស់ពួកខ្លួនខ្លះៗ នាពេលកន្លងមកដែរថា ពួកខ្លួនធ្លាប់ធ្វើសកម្មភាព «ឆក់ទ្រព្យសម្បត្តិ» អ្នកដំណើរតាមដងផ្លូវបែបនេះ ច្រើនគួសមដែរ ។ ហើយមុនពេលឆក់កាបូបស្ត្រីម្នាក់ នៅចំណុចភូមិ-ឃុំខាងលើ ពួកខ្លួនទើបឆក់ខ្សែកគេថ្មីៗនៅម្ដុំផ្លូវលេខ២ ក្នុងក្រុងបាត់ដំបង។
លោកឈឿង គឹមសុង បានប្រាប់ថា វត្ថុតាងមួយចំនួនត្រូវបានមន្ត្រីជំនាញដកហូតពីជនសង្ស័យតំណាលគ្នាពេលត្រូវឃាត់ខ្លួន។ វត្ថុតាងទាំងរួមមាន៖ ប្រាក់ខ្មែរចំនួន១៦ម៉ឺនរៀល, កាបូបស្ពាយពណ៌ខ្មៅតូច០១ ក្នុងនោះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០២សន្លឹក, កាតអេធីអឹម០១សន្លឹក, អាវយឺតដៃខ្លីពណ៌ខ្មៅដែលជនសង្ស័យពាក់ធ្វើសកម្មភាព០១ និង ម៉ូតូម៉ាក ស៊ូស៊ូគី និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 1AK 3192 មួយគ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព។
លោកគឹម សុង បានបញ្ជាក់ថា ពេលនេះ លោកស្នងការខេត្តបានបគ្ជាឱ្យមន្ត្រីជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការសួរនាំជនសង្ស័យរូបនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ។
យោងតាមព័ត៌មានចុងក្រោយ ពីលោកឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងថា ពាក់ព័ន្ធករណីឆក់កាបូប ដែលនៅសេសសល់បក្សពួកម្នាក់ដែលបានសំងំលាក់ខ្លួន ពេលនេះ ត្រូវកម្លាំងការិយាល័យជំនាញរបស់លោកឃាត់ខ្លួនបានហើយ នៅវេលាម៉ោង៧ និង៤៥នាទីព្រឹកថ្ងៃទី២២
មេសា នេះ ខណ:ដែលជននេះឆ្មក់ចូលផ្ទះ ។ បក្សពួកចោរឆក់ម្នាក់នេះ ឈ្មោះ ស៊ុប ម៉ាលិក ហៅ ឡិច ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ។
លោកឈឿង គឹមសុង បានបញ្ជាក់ថា លោកស្នងការខេត្ត បានបញ្ជាឱ្យនាំខ្លួនជននេះ មកកាន់ស្នងការខេត្ត ដើម្បីសាកសួរ ។ ដូច្នេះ ជនដៃដល់ទាំង២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបស្ត្រីរងគ្រោះខាងលើ ត្រូវកម្លាំងការិល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវឃាត់ខ្លួនបានទាំង២នាក់ ហើយពេលនេះកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការផង៕