ខេត្តកំពត ៖ បុរសម្នាក់ឈ្មោះណន ខ្នា អាយុ៣១ឆ្នាំ នៅភូមិឃ្លាំង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច បានជិះម៉ូតូដួលបណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច តែដោយមិនមានលទ្ធភាពក្នុងការព្យាបាលព្រោះក្រពេកគ្រួសារ ក៏នាំមកព្យាបាលនៅឯផ្ទះវិញទៅតាមយថាកម្ម ។

ជាមួយនេះ ដោយមានការឈឺឆ្អាលពីក្រុមសាច់ញាតិ និងចាស់ទុំក្នុងភូមិ ជនរងគ្រោះដែលសន្លប់ស្តូកស្តឹងនោះ ត្រូវបានគេនាំចេញពីផ្ទះ កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២០ ខែមេសា យកទៅកាន់កន្លែងដែលគាត់ជិះម៉ូតូដួលនៅលើផ្លូវក្រួសក្រហមមួយខ្សែខាងកើតវត្តអង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាចជាថ្មី ។ ការនាំជនរងគ្រោះទៅកន្លែងដួលម៉ូតូនោះ គោលបំណងគឺដើម្បីសុំព្រលឹងពីខ្មោចវិញ ព្រោះអ្នកភូមិយល់ថា ដែលសន្លប់បែបនេះច្បាស់ជាគេដកយកព្រលឹងគាត់ទៅហើយ ។
ពេលដឹកជនរងគ្រោះទៅដល់កន្លែងកើតហេតុ អ្នកភូមិនិងតាអាចារ្យបាននាំគ្នាសែនព្រេនដល់ម្ចាស់ទឹកម្ចាស់ដី និងអន្ទងហៅព្រលឹងឈ្មោះ ណន ខ្នា ឱ្យមកវិញ បន្ទាប់ពីបានដួលម៉ូតូសន្លប់កាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី១៨ ខែមេសា ។ បើតាមតាអាចារ្យនិងក្រុមគ្រួសារនិយាយថា ជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងទេក្នុងទិសដៅពីខាងកើតទៅខាងលិច ទៅដឹកម្ដាយនៅឯស្រុកឈូក ។
ប៉ុន្តែទៅមិនទាន់ចេញផុតពីភូមិផងស្រាប់តែជួបគ្រោះថ្នាក់ដួលម៉ូតូបណ្ដាលឱ្យរងរបួសក្បាលធ្ងន់តែម្ដង និងត្រូវបានសាច់ញាតិដឹកទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ប៉ុនែ្តជនរងគ្រោះមិនមានលទ្ធភាពថវិកាក្នុងការព្យាបាលទើបក្រុមគ្រួសារដឹកយកមកផ្ទះវិញ ។
ទោះជាយ៉ាងណា ក្រុមគ្រួសាមិនទទួលស្គាល់ថាជនរងគ្រោះរបួសធ្ងន់ទេនិងអះអាងថាគ្រាន់តែវង្វេងវង្វាន់និយាយមិនដឹងខុសត្រូវ ។ដោយសារតែបែបនេះទើបក្រុមគ្រួសារឪពុកម្ដាយទៅរកគ្រូហោឱ្យទស្សន៍ទាយមើលនិងដឹងថាឈ្មោះ ណន ខ្នា ត្រូវខ្មោចព្រាយយកព្រលឹងទៅបាត់ហើយ ។
នៅក្នុងជំនឿនេះហើយ ទើបនៅរសៀលថ្ងៃទី២០ ខែមេសា ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់កន្លែងដួលម៉ូតូ និងសែនព្រេនខ្មោចព្រាយថែរក្សានៅវត្តអង្គសុរភី និង អន្ទងសុំព្រលឹងឈ្មោះ ណន ខ្នា មកវិញ ។ យ៉ាងណាក៏ដោយ គ្រូពេទ្យនិយាយថា ស្ថានភាពជនរងគ្រោះដែលមានអាការវង្វេងនេះមិនមែនមកពីខ្មោចធ្វើទេ គឺជនរងគ្រោះរបួសក្បាលធ្ងន់ដែលអាចប៉ះពាល់ដល់សរសៃប្រសាទ ៕
