ជាធម្មតាអ្នកមិនអាចទទួលទានទឹកដំឡូងបារាំងស្រស់ដូចទឹកផ្លែឈើឬបន្លែដទៃឡើយ។ទោះជាយ៉ាងណាធ្លាប់ដឹងទេថាត្រឹមតែពី ២ ទៅ ៣ ស្លាបព្រាបាយ គឺគ្រប់គ្រាន់នឹងផ្ដល់អត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាពរាងកាយរួមទាំងសម្រស់ស្មានមិនដល់ណាស់ទៅហើយ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានទឹកដំឡូងបារាំងស្រស់ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖ នេះក៏ព្រោះតែទឹកដំឡូងបារាំងស្រស់មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។
២. បន្សាបជាតិពុលក្នុងថ្លើម ៖ ទឹកដំឡូងបារាំងស្រស់មានលក្ខណៈសម្បត្តិជាភ្នាក់ងារបន្សាបជាតិពុលនិងជាប្រភពដ៏ប្រសើរនៃជាតិសសៃរួមទាំងវីតាមីន C ដែលជួយឱ្យមុខងារថ្លើមកាន់តែមានភាពប្រសើរឡើង។
៣. ធ្វើឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង ៖ ជាតិម្សៅៗនៃទឹកដំឡូងបារាំងស្រស់អាចជួយសម្រួលការរំលាយអាហារគួរឱ្យកត់សម្គាល់។ ដំឡូងបារាំងក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយបំបាត់អាការៈហើមពោះ ទល់លាមក និងពិបាករំលាយអាហារផងដែរ។
៤. បញ្ចុះកូឡេស្តេរ៉ូល ៖ បរិមាណជាតិសសៃខ្ពស់ក្នុងទឹកដំឡូងបារាំងស្រស់ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អទប់ស្កាត់ហានិភ័យនៃបញ្ហាបេះដូងគួរឱ្យកត់សម្គាល់។
៥. បំបាត់អាការៈឈឺសន្លាក់ ៖ បរិមាណត្រឹមតែបន្តិចនៃទឹកដំឡូងបារាំងស្រស់មានផ្ទុកសម្បូរទៅដោយសមាសធាតុប្រឆាំងការរលាកដែលជួយបំបាត់អាការៈឈឺសន្លាក់បានយ៉ាងប្រសើរ។
៦. បញ្ចុះសម្ពាធឈាម ៖ នេះក៏ព្រោះតែដំឡូងបារាំងក៏មានផ្ទុកនូវសារធាតុ flavanoids និង kukoamine ជួយបញ្ចុះសម្ពាធឈាម។
៧. កាត់បន្ថយស្នាមជ្រីវជ្រួញ ៖ វត្តមាននៃវីតាមីន C ក្នុងទឹកដំឡូងបារាំងស្រស់ជួយបង្កើនការផលិតកូឡាជែនទប់ស្កាត់កាត់បន្ថយស្នាមជ្រីវជ្រួញលើស្បែកគួរឱ្យកត់សម្គាល់។ អ្នកអាចលាបម៉ាស្សាទឹកដំឡូងបារាំងស្រស់បន្តិចលើមុខ។
៨. កម្ចាត់ស្នាមមុន និងស្នាមអ៊ុចខ្មៅ ៖ អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំង ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាបាយ។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកដំឡូងបារាំងស្រស់ និងទឹកប៉េងប៉ោះស្រស់ចូលគ្នា។ កូរឱ្យសព្វ សឹមលាបទឹកល្បាយនេះលើស្នាមមុន និងស្នាមអ៊ុចខ្មៅលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលប្រមាណពី ៤០ ទៅ ៤៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ ឬទុកចោលពេញមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ក៏បាន។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត។
៩. កម្ចាត់ស្នាមខ្មៅរង្វង់ខ្មៅក្រោមភ្នែក ៖ អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំងស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ និងទឹកត្រសក់ស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ។ លាយទឹកដំឡូងបារាំង និងទឹកត្រសក់ចូលគ្នាឱ្យសព្វ សឹមលាបទឹកល្បាយក្រោមភ្នែកមុនពេលចូលគេងយប់។ លាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយទឹកត្រជាក់។
១០. បំបាត់បញ្ហាក្លៀកខ្មៅ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកដំឡូងបារាំងស្រស់ត្រង់ក្លៀក រួចទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញនិងជូតផ្ដិតៗឱ្យស្ងួតជាការស្រេច។
ប្រយ័ត្ន៖ កុំទទួលទានទឹកដំឡូងបារាំងស្រស់ច្រើនពេកឡើយ! ត្រឹមតែពី ២ ទៅ ៣ ស្លាបព្រាបាយ គឺគ្រប់គ្រាន់ហើយ។ ការទទួលទានច្រើនពេកអាចបណ្ដាលឱ្យក្អួត ពិបាករំលាយអាហារ និងរាគ។ ទឹកដំឡូងបារាំងស្រស់មានផ្ទុកជាតិស្ករខ្ពស់ដែលអ្នកមានជំងឺទឹកនោមផ្អែមត្រូវតែកម្រិតបរិមាណនៃការទទួលទាន៕ (ប្រភពពី៖ Health.com.kh) (កែសម្រួលដោយ ៖ បុប្ផា)