ជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី០៧ តុលានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំព្រះរាជទានទោសពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកពាក់វ៉ែនតាខ្មៅពេលថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរទៅកាន់រដ្ឋធានីប៉េកាំងប្រទេសចិនកាលពីថ្ងៃម្សិលមិញ ។
ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីព្រឹកថ្ងៃពុធនេះ លោកប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា លោកបានសាងកំហុសមួយ គឺពាក់វែនតាខ្មៅពេលថ្វាយព្រះរាជដំណើរព្រះមហាក្សត្រខ្មែរទៅកាន់រដ្ឋធានីប៉េកាំងកាលពីថ្ងៃម្សិលមិញ ។ លោកថា លោកបានសូមព្រះរាជទានទោសពីព្រះអង្គតាម Whatsapp និង Facbook ផងដែរ។
បើតាមលោកប្រមុខរាជរដ្ឋាភិបាល ជាទម្លាប់របស់លោកមិនពាក់វ៉ែនតាខ្មៅ និងក្រវាត់កពណ៌ក្រហមនោះឡើយ ពេលចូលគាល់ព្រះមហាក្សត្រ ឬ ចូលរួមពិធីផ្សេងៗក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ។ លោកបានថ្លែងទៀតថា ការរៀបចំខ្លួនបែបនេះ គឺជាការគោរពសម្រាប់ព្រះមហាក្សត្រ ។
កាលពីថ្ងៃទី០៦ តុលាម្សិលមិញ ក្រោយត្រឡប់ពីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រនិងសម្តេចម៉ែ នៅលើហ្វេសប៊ុកផេកផ្លូវការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា«ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយតែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវ៉ែនតាសជំនួសវិញ។ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេនិងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ៕»។
សូមបញ្ជាក់ថា ព្រះមហាក្សត្រនិង សម្តេចម៉ែ ព្រះអង្គទាំងទ្វេតែងយាងទៅកាន់ទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាពតាមវេជ្ជបណ្ឌិតជំនាញៗរបស់ចិន ៕