អ្នកនាំពាក្យព្រឹទ្ធសភា លោកម៉ម ប៊ុននាង បានអះអាងថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញពីការប្រព្រឹត្តខុសច្បាប់របស់លោក ណយ ស្រូន សមាជិកព្រឹទ្ឋសភា ហើយស្នើមកព្រឹទ្ធសភានោះ ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងដកអភ័យឯកសិទ្ធិ ដើម្បីប្រគល់លោកណយ ស្រូន ទៅឱ្យសមត្ថកិច្ច និងតុលាការអនុវត្តតាមទៅច្បាប់របស់កម្ពុជា ។
បើតាម លោក ម៉ម ប៊ុននាង ការហៅលោក ណយ ស្រូន មកអប់រំណែនាំគឺគ្រាន់តែជាវិធានការដំបូងបំផុតរបស់ព្រឹទ្ធសភាតែប៉ុណ្ណោះ លោកថាវិធានការនេះមិនមែនជាការបិទផ្លូវចំពោះការឈានទៅអនុវត្តច្បាប់លើសមាជិកព្រឹទ្ធសភារូបនេះនោះឡើយ។
ការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ឋសភា និង ត្រូវបាន RFI ស្រង់ប្រសាសន៍លោកចុះផ្សាយនៅថ្ងៃទី០៧ តុលានេះ បានធ្វើឡើងក្រោយពីប្រជាពលរដ្ឋនិងសង្គមស៊ីវិលមួយចំនួនបានប្រតិកម្មនិងរិះគន់ចំពោះវិធានការរបស់ព្រឹទ្ឋសភា ។
លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃពុធនេះ បានរិះគន់យ៉ាងខ្លាំងទៅលើវិធានការរបស់ព្រឹទ្ធសភាកម្ពុជាចំពោះករណីលោកណយ ស្រូន ដែលជាសមាជិកព្រឹទ្ធសភា។ លោកបានថ្លែងប្រាប់ RFI ទៀតថា វិធានការរបស់ព្រឹទ្ធសភានេះ គឺនឹងនាំមាននិទណ្ឌភាព និងភាពមិនស្មើគ្នាក្នុងការទទួលខុសត្រូវចំពោះមុខច្បាប់រវាងអ្នកធំ និងអ្នកតូចនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ នឹងនាំឱ្យមានការឈឺចាប់ដល់អ្នកដែលមិនមានអំណាច ដូចយ៉ាងប្រជាពលរដ្ឋសាមញ្ញជាដើម។ សម្រាប់លោកពេជ្រ ស្រស់ ការគ្រាន់តែសុំទោសហើយអាចរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ គឺជាគំរូ និងវប្បធម៌អាក្រក់ ហើយជះឥទ្ធិពលមិនល្អលើឥទ្ធិពលច្បាប់ និងធ្វើឱ្យអ្នកអនុវត្តច្បាប់ស្អុយឈ្មោះ។
ចំណែកនាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រីចក់ សុភាព នោះវិញក៍បានប្រាប់ RFI ដែរថា រដ្ឋាភិបាលកម្ពុជា គួរតែបញ្ចប់នូវវប្បធម៌និទណ្ឌភាព ។ លោកស្រីកត់សម្គាល់ថា វិធានការកន្លងមក គឺរដ្ឋាភិបាលប្រើតែវិន័យរដ្ឋបាល ហើយភាគច្រើន គឺដក ឬផ្ទេរតំណែងមន្ត្រីជាប់ពិរុទ្ធ តែពេលខ្លះ ការផ្ទេរតំណែងនេះទៀតសោត គឺអាចទៅទទួលតំណែងល្អជាងមុនថែមទៀត។ សម្រាប់លោកស្រីចក់ សុភាព នេះមិនមែនជាការអនុវត្តគោលការណ៍នីតិរដ្ឋទេ តែជាការចូលរួមចំណែកលើកទឹកចិត្តដល់ជនដទៃឱ្យប្រព្រឹត្តតាមដែរ ដែលនេះនឹងប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដែលចង់ឱ្យមានកំណែទម្រង់ល្អប្រសើរនោះ។
គួរបញ្ជាក់ថា លោក ណយ ស្រូន សមាជិកព្រឹទ្ធសភា ភូមិភាគ៨ ត្រូវបានរកឃើញថា មានការពាក់ព័ន្ធនឹងការកាប់រាន ដុតឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ នៅដែនជម្រកសត្វព្រៃកែវសីមា និងតំបន់ការពារធម្មជាតិមួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី និង ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រោយពីទទួលបានគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើលោក សាយ ឈុំ ប្រធានព្រឹទ្ឋសភាធ្វើការអប់រំណែនាំ ។
បើតាមលិខិតរបស់លោកប្រមុខមហាផ្ទៃ ដែលយោងលើរបាយការណ៍របស់ក្រុមស្រាវជ្រាវអន្តរក្រសួង បានរកឃើញថា លោកសមាជិកព្រឹទ្ឋសភា ណយ ស្រូន បានប្រើប្រាស់តួនាទី អំណាច និងឥទ្ធិពលរបស់ខ្លួនជាសមាជិកព្រឹទ្ធសភា ធ្វើការណែនាំដល់មន្ត្រីមូលដ្ឋានឱ្យចុះហត្ថលេខាលើឯកសារដីធ្លីដែលពុំស្របច្បាប់ ។
នៅក្នុងសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យព្រឹទ្ឋសភាកាលពីថ្ងៃទី០៦ តុលាម្សិលមិញ លោក ណយ ស្រូន បានធ្វើការសុំទោសពីថ្នាក់ដឹកនាំព្រឹទ្ឋសភា នូវរាល់កំហុសឆ្គង ទោះចេតនា ឬអចេតនាក្តី និងបានទទួលយកការណែនាំរបស់ថ្នាក់ដឹកនាំព្រឹទ្ឋសភានៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២៣ កញ្ញា ២០២០ និងបានធ្វើលិខិតឈប់ពាក់ព័ន្ឋនឹងដីទំហំ ៥៣១ហិកតាទៀតហើយ ៕