សម្ពាធទាបសកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តន៍ទៅជាព្យុះទី១៥ ហើយវានឹងឡើងគោកនៅឆេ្នរភាគកណ្តាលប្រទេសវៀតណាម មុននឹងឆ្លងចូលចន្លោះព្រំដែនកម្ពុជា និងឡាវនៅថ្ងៃទី១១ តុលាស្អែកនេះ ។
នេះបើតាម លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដែល បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃសៅរ៍នេះ ។
បើតាមអ្នកនាំពាក្យដដែលស្ថានភាពផ្ទៃមេឃអាប់អួរនិងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនៅក្នងក្របខ័ណ្ឌទូទាំងប្រទេសនៅបន្តកើតមានពេញមួយថ្ងៃទី១០តុលានេះ តែចាប់ពីថ្ងៃទី១១ ខែតុលាទៅ ស្ថានភាពភ្លៀងធូរស្រាលមកវិញបន្តិចសម្រាប់តំបន់ទំនាបកណ្តាលភាគពាយព្យ បន្ទាប់ពីសម្ពាធទាបសកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូង បានវិវត្តន៍ទៅជាព្យុះទី១៥ ហើយវាគោកនៅឆេ្នរភាគកណ្តាលប្រទេសវៀតណាម មុននឹងឆ្លងនៅចន្លោះព្រំដែនកម្ពុជា និងឡាវ។
លោកបានបញ្ជាក់ទៀតថា ព្យុះទី១៥នេះ មានការវិវត្តលឿន ពេលវាក្លាយជាព្យុះបានស្រូបទាញសភាពអាប់អួរនៅលើផ្ទៃប្រទេសអស់មួយផ្នែក ធ្វើឱ្យភ្លៀងចុះខ្សោយនៅតំបន់ទំនាបកណ្តាល តែមានភ្លៀងច្រើនខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ រលកខ្ពស់ៗ និងនៅភាគឦសាននៃប្រទេសមានខ្យល់ខ្លាំងនិងភ្លៀង នៅអំឡុងពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។ ព្យុះនេះធ្វើឱ្យមានភ្លៀងធ្លាក់ ច្រើននៅអាងទន្លេមេគង្គលើ និងនៅក្រោយថ្ងៃទី១៤ ខែតុលា ស្ថានភាពភ្លៀងធ្លាក់រាយប៉ាយនឹងកើតមានជាធម្មតាវិញនៅទូទាំងប្រទេស។
គិតត្រឹមម៉ោង២និង១៥នាទីរសៀលថ្ងៃទី១០ តុលានេះ ជំនន់ទឹកភ្លៀងបាននិងកំពុងវាយលុកខ្លាំងនៅក្នុងខេត្ត ពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនទាន់មានតួលេខផ្លូវការនៃការខូចខាតសរុបនោះនៅឡើយទេ៕