ចម្លាក់ដី បណ្តុំទៅដោយរូបភាពចម្លាក់មានទម្រង់ជាបន្ទប់គេង មានគ្រែ តុ កៅអី នាឡិកា រូបចម្លាក់ផ្កាចន្ទន៍ និងអាងទឹក ស្ថិតនៅតំបន់ព្រៃសហគមន៍គោកតឹង ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជននោះ ត្រូវបានអ្នករចនាលុបចោលហើយ ដោយសារតែខូចខាតដោយទឹកភ្លៀង ។
យ៉ាងណាក៍ដោយ បើតាមប្រភពព័ត៌មានដែលគេបានចែកចាយបន្តគ្នានៅលើបណ្តាញសង្គមនៅថ្ងៃទី១០ តុលា ២០២០ ដោយសារមានអ្នកឧបត្ថម្ភនោះ ក្រុមអ្នករចនាចម្លាក់ដីខាងលើ គ្រោងនឹងធ្វេីនៅកន្លែងផ្សេងទៀត ហើយដែលការធ្វើក្រោយនេះ គឺនឹងមានដំបូលដើម្បីការពារទឹកភ្លៀង ។
សូមបញ្ជាក់ថា ចម្លាក់ដីដោយការជីកក្រោមដី រំលេចដោយការសូនរូប និងការឆ្លាក់រូបជាបន្ទប់គេង មានគ្រែ តុកៅអី ប្រៀបដូចគេហដ្ឋាននៃគ្រួសារត្រកូលអភិជន និងមានរូបភាពផ្កាភ្ញីលើជញ្ជាំងនោះមានទីតាំងនៅក្នុងភូមិគោកតឹង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប កសាងឡើងដោយយុវជន ២ នាក់ ជាបងប្អូននឹងគ្នារស់នៅភូមិរកាកំបុត ឃុំត្រពាំងធំ ក្នុងស្រុកប្រាសាទបាគង។
បើតាមមន្ទីរព័ត៌មានខេត្តសៀមរាបបានស្រង់សម្តី លោក ពាញ ស៊ីថា ជាអ្នករចនា និងដឹកនាំកែច្នៃរូប ឲ្យដឹងថា លោកពុំមែនជាវិចិត្រករ និងធ្លាប់សិក្សាពីចម្លាក់អីទេ ប៉ុន្តែការច្នៃឆ្លាក់រូបភាពទាំងនេះ គឺចេះតពីការសង្កេតពីគ្នាទៅវិញទៅមកផ្សំនឹងគំនិតថ្មីៗខ្លួនឯង ទើបលេចសមិទ្ធផលនេះ ហើយបច្ចេកទេសកែច្នៃគឺកើតឡើងពីកម្លាំងមនុស្សសុទ្ធសាធប្រើឧបករណ៍សាមញ្ញៗ សម្រាប់ជីកកាយដី ប្រើប្រាស់កម្លាំងពលកម្មសុទ្ធសាធមានចំនួន ៩ នាក់៕