ទឹកកំពុងហក់ឡើងខ្លាំងនៅស្ទឹងព្រែកត្នោត អាជ្ញាធរប្រកាសឲ្យប្រុងប្រយ័ត្ន

ខណៈ​ពេល​នេះ ទឹកស្ទឹង​ព្រែក​ត្នោត​បាន​និង​កំពុង​ហក់​ឡើង​ខ្លាំង​បង្ក​ឲ្យ​អាជ្ញាធរ​មានការ​ព្រួយបារម្ភ​និង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​តាម​សណ្តរ​មាត់​ស្ទឹង​ព្រែក​ត្នោត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។​

​ការ​អំពាវនាវ​របស់​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៣ តុលា ២០២០​នេះ ខណៈ​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្លូវ​ទំនប់​សណ្តរ​ស្ទឹង ក្នុងភូមិ​ថ្ម សង្កាត់​ទៀន ខណ្ឌដង្កោ ខណៈ​មានការ​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត ដើម្បី​រិះរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ការ​បាក់​ទំនប់​ដងស្ទឹង បង្ក​គ្រោះ​មហា​ន្ត​រាយ​ដល់​ប្រជាពលរដ្ឋ​។​

​បើ​តាម​មន្ត្រី​អាជ្ញាធរ​ខណ្ឌដង្កោ​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​សង្កាត់​ចំនួន​៧​ក្នុង​ចំណោម​១២​សង្កាត់​នៅ​ទួ​ទាំង​ខណ្ឌ បាន​ទទួល​រង​នូវ​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង ។​

​លោកស្រី គឹ​ម ញឹ​ប អភិបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ចំនួន​៦០​គ្រួសារ រស់នៅ​ក្នុងភូមិ​ថ្ម សង្កាត់​ទៀន កំពុង​រង​នូវ​ការ​គំរាមកំហែង​ពី​ទឹកជំនន់ ហើយ​ថា ផ្លូវ​ទំនប់​ដងស្ទឹង​ដែល​ត្រូវ​បាន​គំរាមកំហែង​នេះ​មាន​ប្រមាណ​ជា​៣​គីឡូម៉ែត្រ ចាប់ពី​ព្រំប្រទល់​សង្កាត់​គង​ន​យ រហូត​ដល់​សង្កាត់​ស្ពានថ្ម ។​

​សូម​បញ្ជាក់​ថា ក្រៅពី​ទឹកស្ទឹង​ព្រែក​ត្នោត​កំពុង​ហក់​ឡើង និង​ពលរដ្ឋ​មួយ​ចំនួន​កំពុង​ទទួល​រង​ផល​ប៉ះពាល់ លំនៅ​ឋាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ក៍បាន​ទទួល​រង​នូវ​ការ​ជន់​លិច​ដោយសារ​ទឹក​ភ្លៀង​ផង​ដែរ ។ ការ​លិចលង់​នេះ ក៍​ត្រូវ​បាន​ប្រជាពលរដ្ឋ​និង​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​ស្តីបន្ទោស​ទៅ​លើ​អាជ្ញាធរ​ដែល​បាន​លុប​បឹង​ស្តុក​ទឹកជា​ច្រើន​ដូច​ជា​បឹង​កក់ បឹង​ប៉ា​យ៉ាប បឹង​ទំពុន​និង​ពេល​នេះ បឹង​តោ​មោក​ដែល​ជា​បឹង​ធំ​ចុង​ក្រោយ​ក៍​កំពុង​ត្រូវ​បាន​គេ​ចាក់​ដី​លុប​ដើម្បី​សាងសង់​ផ្សារ និង​ក្រសួង អង្គភាព​ស្ថាប័ន​រាជរដ្ឋាភិបាល ៕