ទឹកស្ទឹងព្រែកត្នោតបានជន់ហៀរហូរលើទំនប់សណ្តរស្ទឹង ទោះជារដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងធនធានទឹក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ឋបានខិតខំទប់ស្កាត់ទាំងយប់ថ្ងៃក្តី ។
សេចក្តីរាយការណ៍បឋមបានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលានេះថា ផ្នែកខ្លះនៃរាជធានីនៅផ្នែកខាងក្រៅក្រុងបានរងផលប៉ះពាល់កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធនេះ ហើយកាលពីយប់មិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មកលោក ឃួង ស្រេង ឲ្យបិទកំណាត់ផ្លូវជាតោលេខ៣ ជាបណ្តោះអាសន្ន ដើម្បីបញ្ជៀសបញ្ហាកើតឡើងណាមួយជាយថាហេតុ។
បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ប្រជាពលរដ្ឋជាង៥០០គ្រួសារ ក្នុងសង្កាត់ចំនួន៤ នៅខណ្ឌដង្កោ បានទទួលរងប៉ះពាល់ដោយសារទឹកជំនន់ ហូរចេញពីដងស្ទឹងព្រែកត្នោត តាមបណ្តោយផ្លូវលេខ២០A ស្ថិតនៅភាគខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។
នៅពេលនេះរាជធានីភ្នំពេញ រួមនឹងកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានត្រៀមកម្លាំងជាស្រេចដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងមានអូប័រ ២០-៣០គ្រឿង ព្រមទាំងរថយន្តធុនធំសម្រាប់ដឹកនាំជញ្ជូនសម្ភារនិងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព។
ដោយឡែក ព្យុះទី១៦ឈ្មោះណាងកាNANGKA វានឹងឡើងគោកនៅលើឆ្នេរវៀតណាមខាងជើង នៅថ្ងៃទី១៤តុលានេះ តែវាពុំមានឥទ្ឋិពលដល់ប្រទេសកម្ពុជានោះទេ បើមានក៍មានតិចតួចបំផុត។
យ៉ាងណា ស្ថានភាពអាកាសធាតុនៅប្រទេសកម្ពុជានៅ តែបន្តស្ថិតនៅក្រោមឥទ្ធិពលប្រព័ន្ធសម្ពាធទាបនិងមានសម្ពាធទាបមួយបានគ្របពីលើ ភាគខាងជើងជាប្រចាំដែលជាហេតុនាំឱ្យមានភ្លៀងធ្លាក់បន្តបន្ទាប់។
ចំណែកនៅថ្ងៃទី១៥-១៧ តុលានឹងមានព្យុះមួយទៀតកើតឡើងនៅភាគខាងកើតប្រទេសហ្វីលីពីន ហើយព្យុះទី១៧នេះឈ្មោះ«សូវឌែល»នឹងចេញពីសមុទ្រចិនខាងត្បូងហើយចូលមកភាគខាងត្បូងប្រទេសវៀតណាមហើយនៅថ្ងៃទី១៨ តុលា ព្យុះទី១៧នេះ នឹងចូលមកដល់ខេត្តរតនគិរីនិងខេត្តស្ទឹងត្រែង ។
បើតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតត្រឹមថ្ងៃទី១២ តុលា ២០២០ មានខេត្តចំនួន១៧ បានរងការជន់លិចដោយសារទឹកភ្លៀងនិងទឹកទន្លេមេគង្គ ហយើមនុស្ស១០នាក់បានស្លាប់។ ក្រៅពីនេះ ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ក្នុងនោះ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈផ្ទះជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង ដំណាំជាង១២ម៉ឺនហិកតា ក្នុងនោះមានស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។
ក្រៅពីផលដំណាំ ទឹកជំនន់នេះ ក៏បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវ ស្ពាននិងទំនប់ ជាច្រើនផងដែរ៕