អ្នកស្រី កែវ ម៉ាលី ដែលគេស្គាល់ថាជាអតីតសមាជិកសភាមកពីគណបក្សកាន់អំណាច និងជាអតីតថៅកែវិមានចរណៃ និងមានក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន ជីង គ័រ អ៊ឹមផត អ៊ិចផត និងសំណង់ (Ching Kor Import Export Co., Ltd)ផងនោះ បានទទួលមរណភាពហើយ ។
យ៉ាងណា បើតាមគណនីឈ្មោះ Duong AngkeaVuth ដែលបង្ហោះនៅប៉ុន្មាននាទីមុននេះ មិនបានបញ្ជាក់អំពីមូលហេតុដែលអ្នកស្រីមានងារជាឧកញ៉ាបណ្ឌិតនោះ ទទួលមរណភាពវេលាណាដោយមូលហេតុអ្វី និង កំពុងតម្កល់ធ្វើបុណ្យនៅទីកន្លែងណាពិតប្រាកដនោះទេ ។
សូមបញ្ជាក់ថា អ្នកស្រី កែវ ម៉ាលី ក៍ធ្លាប់ជាមនុស្សមានឥទ្ឋិពលនិងមានទ្រព្យសម្បត្តិមួយរូបនៅក្នុងគណបក្សកាន់អំណាច ក៍ដូចជាសង្គម ប៉ុន្តែអ្នកស្រីក៍ធ្លាប់មានក្តីក្តាំនៅតុលាការជាមួយធនាគារវិនិយោគអភិវឌ្ឍន៍កម្ពុជា(BIDC)ដែលគេស្គាល់ថាវិនិយោគដោយជនជាតិវៀតណាម រហូតដល់តុលាការប្រកាសលក់ឡៃឡុងនូវទ្រព្យសម្បត្តិអ្នកស្រីមានតម្លៃច្រើនលានដុល្លារ ដើម្បីសងទៅធនាគារ BIDC ។
យ៉ាងណា ទាក់ទងទៅនឹងការទទួលមរណភាពរបស់អ្នកស្រីនៅពេលនេះ នៅព្រឹកថ្ងៃទី១៤ តុលា ២០២០នេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីក្រុមគ្រួសារសាច់ញាតិរបស់អ្នកស្រី ៕