នៅខណៈពេលនេះ ភ្លៀងកំពុងតែធ្លាក់នៅភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសកំពុងធ្លាក់នៅចំណុចស្ពានព្រែកជ្រៃ ស្ដិតក្នុងខណ្ឌដង្កោ ទីដែលជំនន់ទឹកភ្លៀងកំពុងវាយលុកខ្លាំង ។
គិតត្រឹមព្រឹកថ្ងៃទី ១៥ តុលានេះ អាជ្ញាធរបាននិងកំពុងជម្លៀសប្រជាជនប្រមាណជិត៣ពាន់នាក់ចេញពីបុរីចំនួនពីរ ស្ថិតនៅក្នុងខណ្ឌដង្កោ ខណៈទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនិងជំនន់ស្ទឹងព្រែកត្នោតនេះបានហក់ឡើងខ្ពស់ ដែលបង្កអោយលិចលង់ដល់សង្កាត់ចំនួន៦ គឺសង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់គងនយ សង្កាត់រលួស សង្កាត់សាក់សំពៅ និងចុងក្រោយនេះ គឺសង្កាត់ព្រែកកំពិស។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ព្រឹកថ្ងៃទី១៥ ខែតុលានេះ បានបង្ហាញថា ជំនន់ទឹកភ្លៀងនៅឆ្នាំ២០២០ បានធ្វើអោយប៉ះពាល់ដល់រាជធានី-ខេត្តចំនួន១៩ ស្មើនឹង៦៩ ក្រុង ស្រុក ខណ្ឌ និងឃុំចំនួន២៥៨ឃុំសង្កាត់នៅទូទាំងប្រទេស។
ក្រៅពីផលប៉អះពាល់ខាងលើ ជំនន់ទឹកភ្លៀងក៍បានឆក់យកជីវិតមនុស្ស១៣នាក់ (កើនម្នាក់បើធៀបនឹងរបាយការណ៍ពីថ្ងៃម្សិលមិញ) ក្នុងនោះប្រជាជនរងគ្រោះមានចំនួន៤៨,៣១៧គ្រួសារ ស្មើប្រមាណ១៩៣,២៦៨នាក់ ហើយប្រជាជន៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ សាលារៀនចំនួន៤២៥កន្លែងរងការជន់លិច ស្រូវប្រមាណ១៣១,៣២៩ហិកតា (ខូចខាតប្រមាណ៦,៦៥៧ហិកតា) ខូចខាតដល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវគ្រួសក្រហមប្រមាណ២០២គីឡូម៉ែត្រ ស្ពានចំនួន២៤កន្លែង និងប៉ះពាល់ដល់ប្រឡាយមេ ប្រឡាយរង និងប្រឡាយស្រោចស្រព ប្រមាណ៣៥២.៤ គីឡូម៉ែត្រ ៕
រាជធានី ខេត្ត ដែលកំពុងរងផលប៉ះពាល់ពីទឹកជំនន់នេះរួមមាន ៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ធំ ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែតុលា ឆ្នាំ២០២០ រាជធានី-ខេត្ត នៅតំបន់វាលទំនាបកណ្ដាល រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និង រាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់ជាបន្តបន្ទាប់ទៀត ៕