លោក ឃួង ស្រេង ថានឹងចាត់ការអ្នកបើកបរដឹកភ្ញៀវចេញពីព្រលានយន្តហោះហើយទម្លាក់តាមផ្លូវ

រាល់​តៃកុង​ឡាន ដែល​ដឹក​អ្នកដំណើរ​បរទេស​ចេញពី​ព្រ​លាន​យន្តហោះ ហើយ​ទម្លាក់​តាម​ផ្លូវ ដោយ​មិន​ដឹក​ទៅ​កាន់​សណ្ឋាគារ ឬ​មណ្ឌល​សុខភាព រង់ចាំ​លទ្ធផល​ធ្វើតេស្ត​រក​មេរោគ​កូ​វី​១៩ នឹង​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​តែ​ម្តង​។​

​នេះ​ជា​ការ​លើក​ឡើង​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​លើ​បណ្តាញ​ព័ត៌មាន​អេ​ឡិច​ត្រូ​និក FN នា​ព្រឹក​ថ្ងៃ​ទី​១៨ តុលា ២០២០​នេះ ។​

​ការ​ព្រមាន​របស់​លោក ឃួ​ង ស្រេង ខាងលើ បាន​ធ្វើ​ឡើង នៅ​ក្រោយ​ពីសា​លា​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ដឹង​ថា មាន​តៃកុង​ឡាន​មួយ​ចំនួន ដែល​ដឹក​អ្នកដំណើរ​ចេញពី​ព្រ​លាន​យន្តហោះ យក​ទៅ​ដាក់​នៅ​សណ្ឋាគារ ដើម្បី​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​២៤​ម៉ោង​នោះ បាន​លួច​ទម្លាក់​អ្នកដំណើរ​បរទេស​នៅ​តាម​ផ្លូវ ដោយ​មិន​ទាន់​ដឹង​លទ្ធផល ដែល​នេះ​ជា​ការ​អនុវត្ត​ខុស​អំពី​វិធានការ​របស់​រាជរដ្ឋាភិបាល ។​

​គួរ​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​អាទិត្យ​នេះ កម្ពុជា​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩ សរុប​ចំនួន​២៨៣​នាក់ (​ស្ត្រី​៥៦​នាក់​) ក្នុង​នោះ​ករណី​ជា​សះស្បើយ​ចំនួន​២៨០​នាក់ និង​កំពុង​សំរាក​នៅ​មន្ទីរពេទ្យ​៣​នាក់ ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​បាន​និង​កំពុង​ហក់​ឡើង​ខ្ពស់​ដូច​ជា​ភូមា ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជាដើម​៕