លោកពេទ្យធ្មេញពេជ្ឈឃាដប្រឈមនឹងការជាប់គុកពី១០ទៅ១៥ឆ្នាំ

ទីបំផុត​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សឿ ឡុ​ង​ឌី ព្រះរាជអាជ្ញា​រង​បាន​សម្រេច​ចោទប្រកាន់​ពេទ្យធ្មេញ ឈ្មោះ យ៉ា​ន់ ណា​លី​ណា ពី​បទ «​ឃាតកម្ម​» តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​ការ​បើកឡាន​បុក​ម៉ូតូ​មួយ​គ្រឿង​ហើយ​ថែម​ទាំង​ថយ​កិន​បន្ថែម​ទៀត​រហូត​ដល់​ជន​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។​

​ក្រោយ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យកា​រហើយ សំណុំរឿង​ដ៍​កក្រើក​នេះ ត្រូវ​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​ត្រូវ​សម្រេច​ឃុំ ឬ​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ខាងលើ ។​

​បើ​តាម​អ្នក​ច្បាប់ បទ «​ឃាតកម្ម​» ចែង​ថា «​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់ ណាមួយ​ដូច​បាន​កំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិត​ទុកជា​មុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយ​មាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ អំពើ​រំលោភ​សេពសន្ថវៈ​) នៃ​ក្រម​នេះ គឺ ជា​ឃាតកម្ម ។ ឃាតកម្ម​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ ។​

​គួរ​រំ​ឮ​កថា សំណុំរឿង​គ្រូពេទ្យ​ធ្មេញ​បើករថយន្ត​បំ​បុក​និង​ថយ​កិន​ជន​រង​គ្រោះ​រហូត​បាត់​បង់ជីវិត​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ តុលា ២០២០ នៅ​ចំណុច​ផ្លូវ​លេខ​១៧៣ កែង​ផ្លូវ​លេខ​៣២៨ ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​ជន​បង្ក​ឈ្មោះ យ៉ា​ន់ ណា​លី​ណា អាយុ​៣០​ឆ្នាំ មុខរបរ​ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ​៥​អឹ​ម ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បើករថយន្ដ​ម៉ាក Lexus NX200T ស្លាក​លេខ​ភ្នំពេញ 2BH-8494 ភ្នំពេញ ។​
​ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ និង​អ្នក​រួម​ដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅ​ភូមិ​ស្រះ​កែវ សង្កាត់​ក្រាំង​ស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង រង​របួសធ្ងន់ ។​

​ក្រោយ​ពី​បែកធ្លាយ​វី​ដេ​អូ​ស្តី​ពី​ករណី​ខាងលើ​នេះ​នៅ​លើ​បណ្តាញ​សង្គម ហើយ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​បន្ត​គ្នា​នោះ មហាជន​ភាគច្រើន​លើសលុប​បាន​សម្តែង​ការ​ថ្កោលទោស​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ជន​បង្ក​ដែល​មាន​ចរិត​សាង​វ​ឃោរឃៅ​ព្រៃផ្សៃ និង​សូម​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​នោះ​ថែម​ទៀត ៕