លោកឧត្តមសេនីយ៍ទោ(ផ្កាយ២) ជា នុសិទ្ឋ បម្រើការងារនៅក្រសួងការពារជាតិ និងដែលគេស្គាល់ថាជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំរដ្ឋសភាផងនោះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ឋនាគារកំណត់ចំនួន១៨ខែ ប៉ុន្តែទោសនេះព្យួរធម្មតា និងពិន័យជាប្រាក់ ៣,០០០,០០០ (បីលាន) រៀល ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកស្អុយចំនួន៣លើក ដែលមានទឹកប្រាក់សរុបចំនួន ៦៨៧,០០០ USD (ប្រាំមួយរយប៉ែតសិបប្រាំពីរពាន់ដុល្លារអាមេរិកគត់) ប្រព្រឹត្តនៅចំនុចរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
ជាមួយគ្នានេះ ចៅក្រមជំនុំជម្រះក៏បានបង្គាប់ឲ្យជនជាប់ចោទសងប្រាក់ចំនួន ៤០,០០០USD (សែសិបពាន់ដុល្លារអាមេរិកគត់) ដល់ដើមបណ្តឹងរដ្ឋប្បវេណីផងដែរ ។
បើតាមលោកមេធាវី លី រដ្ឋធី មេធាវីតំណាង និងការពារសិទ្ធិឲ្យដើមបណ្តឹងរដ្ឋប្បវេណីបានប្រាប់ FN ដោយបញ្ជាក់ថា ការសម្រេចផ្តន្ទាទោសដោយការព្យួរទោសនេះ គឺពុំបានផ្តល់យុត្តិធម៌ដល់កូនក្តីខ្លួនដែលជាដើមបណ្តឹងរដ្ឋប្បវេណីឡើយ ពីព្រោះជនជាប់ចោទ ជា នុសិទ្ធ បានចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ដល់ទៅ ០៣ (បី) លើក ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណី តែបែរជាទទួលបានការបន្ធូរបន្ថយពីសំណាក់ចៅក្រមដោយការព្យួរទោសទៅវិញ។
ជាមួយគ្នានេះលោកមេធាវីបានបញ្ជាក់ទៀតថា លោកនឹងពិភាក្សាជាមួយនឹងកូនក្តី ដើម្បីប្តឹងឧទ្ធរណ៍នឹងសាលក្រមខាងលើ ព្រមទាំងសូមស្នើដល់ស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងឧទ្ធរណ៍នឹងសាលក្រមព្រហ្មទណ្ឌខាងលើនេះ ជាការបើកសិទ្ធិឲ្យសាលាឧទ្ធរណ៍ជួយរកយុត្តិធម៌ ដោយសម្រេចផ្តន្ទាទោស ជនជាប់ចោទឈ្មោះ ជា នុសិទ្ធ ដាក់ពន្ធនាគារទៅតាមផ្លូវច្បាប់ ដើម្បីជៀសវាងផ្តល់ឱកាសឱ្យជនជាប់ចោទ ដែលអាងខ្លួនជាអ្នកមានអំណាច មានបុណ្យស័ក្តអាចប្រព្រឹត្តបទល្មើសនេះតទៅទៀត ឬបង្កការគំរាមកំហែងដល់ជនរងគ្រោះ៕