ប្រភពពីសាច់ញាតិនិងក្រុមគ្រួសារជនរងគ្រោះឈ្មោះ ខុន តុង ដែលត្រូវគ្រូពេទ្យធ្មេញបើករថយន្តបំបុកពីក្រោយ រួចថយក្រោយកិនបន្ថែមរហូតដល់ស្លាប់នោះ គឺមានភរិយានិងមានកូនទើបតែមានអាយុ៥ខែប៉ុណ្ណោះ ។
ការបាត់បង់ជនរងគ្រោះ គឺជាការបាត់បង់ដ៍ធំធេងសម្រាប់ក្រុមគ្រួសារ ពិសេសភរិយាដោយសារជនរងគ្រោះគឺជាជំហរគ្រួសារ ខណៈកូននៅទារកនៅឡើយ ។
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សឿ ឡុងឌី ព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់ពេទ្យធ្មេញ ឈ្មោះ យ៉ាន់ ណាលីណា ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបើកឡានបុកម៉ូតូមួយគ្រឿងហើយថែមទាំងថយកិនបន្ថែមទៀតរហូតដល់ជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។
ក្រោយការចោទប្រកាន់របស់តំណាងអយ្យការហើយ សំណុំរឿងដ៍កក្រើកនេះ ត្រូវបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី និងត្រូវសម្រេចឃុំ ឬមិនឃុំខ្លួនជនត្រូវចោទខាងលើ ។
យ៉ាងណា នៅថ្ងៃទី១៩ តុលា ២០២០នេះ ចៅក្រមស៊ើបសួរលោក សំ ប៊ុនពៅ បានសម្រេចចេញដីកាឃុំខ្លួនពេទ្យធ្មេញចរិតព្រៃផ្សៃនេះដាក់ពន្ឋនាគារបណ្តោះអាសន្នហើយ ដោយរង់ចាំបើកសវនាការពេញអង្គនាពេលខាងមុខ ។
បើតាមអ្នកច្បាប់ បទ «ឃាតកម្ម» ចែងថា «អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬ មិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺ ជាឃាតកម្ម ។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ ។
គួររំឮកថា សំណុំរឿងគ្រូពេទ្យធ្មេញបើករថយន្តបំបុកនិងថយកិនជនរងគ្រោះរហូតបាត់បង់ជីវិតនេះ បានកើតឡើងកាលពីម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ តុលា ២០២០ នៅចំណុចផ្លូវលេខ១៧៣ កែងផ្លូវលេខ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនបង្កឈ្មោះ យ៉ាន់ ណាលីណា អាយុ៣០ឆ្នាំ មុខរបរពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ៥អឹម ភូមិព្រៃព្រីងខាងត្បូងទី១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ បើករថយន្ដម៉ាក Lexus NX200T ស្លាកលេខភ្នំពេញ 2BH-8494 ភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ ខុន តុង ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងអ្នករួមដំណើរឈ្មោះ ពៅ ម៉ត់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅភូមិស្រះកែវ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង រងរបួសធ្ងន់ ។
ក្រោយពីបែកធ្លាយវីដេអូស្តីពីករណីខាងលើនេះនៅលើបណ្តាញសង្គម ហើយដែលត្រូវបានគេចែកចាយបន្តគ្នានោះ មហាជនភាគច្រើនលើសលុបបានសម្តែងការថ្កោលទោសយ៉ាងធ្ងន់ធ្ងរទៅលើជនបង្កដែលមានចរិតសាងវឃោរឃៅព្រៃផ្សៃ និងសូមឲ្យតុលាការផ្តន្ទាទោសតាមច្បាប់នោះថែមទៀត ៕