យោងតាមការព្យាករណ៍នៅក្នុងខែតុលា ២០២០ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា នៅឆ្នាំ២០១២ ខាងមុខ សេដ្ឋកិច្ចកម្ពុជានឹងមានការរីកចម្រើនឈរនៅលំដាប់ទី៣ក្នុងតំបន់អាស៊ាន ហើយនៅឆ្នាំ២០២៥ កម្ពុជានឹងក្លាយប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅក្នុងតំបន់ផងដែរ នៅឆ្នាំ២០២៥ ក្នុងរង្វង់ ៦,៩ភាគរយ។
គេមិនដឹងថា ការព្យាករណ៍របស់ IMF ឈរលើមូលដ្ឋានអ្វីពិតប្រាកដនោះទេ ប៉ុន្តែអ្នកសេដ្ឋកិច្ចមួយចំនួនបានលើកឡើងក្នុងនាមផ្ទាល់ខ្លួនថា ការព្យាករណ៍នេះទំនងជា IMF មើលឃើញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីត្រូវបានកម្ពុជានិងចិន ចុះហត្ថលេខាកាលពីសប្តាហ៍មុនអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ពីព្រោះកិច្ចព្រមព្រៀងជាការបើកផ្លូវឲ្យកម្ពុជានិងចិនអាចនាំទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារនៃប្រទេសទាំងពីរ ស្របពេលដែលសេដ្ឋកិច្ចខ្មែរពឹងផ្អែកលើសលុបលើវិស័យកសិកម្ម ការនាំចេញលើវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ជាដើម ។
យ៉ាងណា ក្រុមអ្នកតាមដានសេដ្ឋកិច្ចក៍បានក្រើនរំឮកឲ្យរាជរដ្ឋាភិបាលកំុអាលមោទនៈភ្លេចខ្លួន នៅគ្រាដែលវិបត្តិមេរោគកូវីដ១៩បាននិងកំពុងបន្ត ខណៈដែលសេដ្ឋកិច្ចសកលហាក់មិនទាន់ល្អប្រសើរផងនោះ ៕