អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង ភរិយា គឺលោកស្រី ជូឡុង សូមួរ៉ា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចូលខ្លួនក្នុងសវនាការ ដែលតាមគម្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ វិច្ឆិកា ២០២០ ។
ក្រៅពីមេបក្សប្រឆាំងដ៍ល្បីនិងភរិយាតំណាងអយ្យការក៍បានកោះហៅមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ៧រូបផ្សេងទៀតឲ្យចូលរួមក្នុងសវនាការនៅព្រឹកថ្ងៃទី១១ វិច្ឆិកា ផងដែរ ។ អតីតតំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៧រូបផ្សេងទៀតនោះរួមមាន ៖ អ្នកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និង លោក នុត រំដួល ។
អ្នកទាំង៧រូបរួមទាំងលោក សម រង្ស៊ី និង ភរិយាផងនោះ ត្រូវបានតុលាការចោទពីបទ«ឧបឃាត» កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ក្រោយមានអំណះអំណាងថា អតីតមេដឹកនាំនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិខាងលើប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
ដោយឡែក អតីតសមាជិកគណបក្សសង្គ្រោះជាតិ២នាក់ក្នុងខេត្តបាត់ដំបង ដែលគាំទ្រលោក កឹម សុខា ត្រូវបានចាប់ខ្លួន កាលពីចុងសប្តាហ៍មុន ហើយតុលាការរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពួកគេថា «ប្រមាថព្រះមហាក្សត្រ»ដោយយោងតាមបញ្ញត្តិថ្មីនៃក្រមព្រហ្មទណ្ឌដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨។
ពួកគេទាំងពីរនាក់ គឺលោក ហង្ស សេង អាយុ៦៩ឆ្នាំ និងលោក គង់ ប៊ុនហ៊ាង អាយុ៦៦ឆ្នាំ ដែលជាអតីតសមាជិកប្រតិបត្តិខេត្តបាត់ដំបង ហើយជាអ្នកនយោបាយជាមួយអតីតគណបក្សសិទ្ធិមនុស្ស ដែលគ្រប់គ្រងដោយលោក កឹម សុខា។
អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានប្រាប់ VOA កាលពីរសៀលថ្ងៃអង្គារនេះថា ពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទ«ប្រមាថព្រះមហាក្សត្រ» ដោយយោងតាមមាត្រា៤៣៧ ដែលអាចឲ្យពួកគេជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ប្រសិនបើរកឃើញកំហុស។
បញ្ញត្តិដែលចែងពីបទ«ប្រមាថព្រះមហាក្សត្រ» ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ដែលរងការរិះគន់ថា កំហិតសេរីភាពនៃការបញ្ចេញមតិ និងប្រើប្រាស់ដើម្បីបំបិទសំឡេងប្រឆាំងរដ្ឋាភិបាល។ ក្រោយការបង្កើតបញ្ញត្តិនេះ មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន ហើយការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីររូបនេះជាករណីថ្មី ដែលត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ ៕