កូនក្រពើ១ក្បាល ត្រូវបានអ្នកភូមិក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុចាប់បាននិងសម្លាប់យកធ្វើម្ហូបបាត់ហើយ ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា អ្នកភូមិដែលចាប់កូនក្រពើទម្ងន់៦គីឡូក្រាមនេះ ឈ្មោះ កង វ៉ាន់រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ ក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងបានសម្លាប់កូនក្រពើនេះធ្វើអាហារ ។
បើតាមពលរដ្ឋកូនក្រពើ១ក្បាលនេះ ទំនងជារួចចេញពីកន្លែងចិញ្ចឹមក្រពើណាមួយក្រោយទឹកលិចដោយសារភ្លៀងខ្លាំងនាពេលកន្លងមក ។ យ៉ាងណា បើតាមមន្ត្រីមូលដ្ឋានបានបញ្ជាក់ថា នៅក្រុងព្រះសីហនុមិនមានកន្លែងចិញ្ចឹមក្រពើនោះទេ ។
អ្នកភូមិបន្តថា កូនក្រពើនេះ ត្រូវបានគេប្រទះឃើញកាលពីព្រលប់ថ្ងៃទី២០ តុលា ២០២០ ស្ថិតនៅក្រោយផ្ទះក្បែរអូរ ជាប់ជើងភ្នំ ម្តុំខាងក្រោយមន្ទីរព័ត៌មានខេត្ត ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ ៕