រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម លោក លឹម គានហោ ធ្លាប់បានស្នើដល់អភិបាលនៃគណៈអភិបាល គ្រប់រាជធានីខេត្ត ជួយទប់ស្កាត់ ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួរ ដែលជាសម្បត្តិសាធារណៈ របស់រដ្ឋ ។
នេះបើយោងតាមលិខិតលេខ៧០៤ ធទឧ របស់ក្រសួងធនធានទឹកនិងឧតុនិយម ដែលចុះហត្ថលេខាដោយលោក លឹម គានហោ កាលពីថ្ងៃទី០៨ ឧសភា ២០២០ និងដែលលិខិតនោះត្រូវបានចែកចាយបន្តគ្នាលើបណ្តាញសង្គមហ្វេសប៊ុកកាលពីប៉ុន្មានថ្ងៃមុនក្នុងខែតុលាថ្មីៗនេះ ។
បើតាមលិខិតដដែល ក្រសួងបានបង្ហាញក្ដីបារម្ភខ្លាំង ដោយសារ សកម្មភាពអវិជ្ជមានមួយចំនួន ក្នុងការរំលោភ ចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹង បួរ មិនស្របតាមលិខិតបទដ្ឋានគតិយុត្ត អាចបង្កជាបញ្ហា ដល់លទ្ធភាពនៃការរំដោះទឹក និងបង្កជាគ្រោះមហន្តរាយ ទឹកជំនន់ជាដើម ។
គេនៅចាំបានថា អតីតរដ្ឋមន្ត្រីក្រសួងដែនដីនិងនគរូបនីយកម្មនិងសំណង់ លោក វណ្ណ ម៉ូលីវណ្ណ មុនពេលលោកមិនទាន់ទទួលមរណភាពកាលពីថ្ងៃទី២៨ កញ្ញា ២០១៧ លោកក៍ធ្លាប់ត្រូវបានគេអះអាងថាលោកធ្លាប់បានលើកអំពីការប្រឈមនឹងគ្រោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ ប្រសិនបើមានការលុបបឹងដូចជាបឹងកក់ បឹងត្របែក បឹងទំពុន និងប៉ាយ៉ាបជាដើម ប៉ុន្តែគេមិនឃើញមានការអនុវត្តតាមអនុសាសន៍របស់បិតាស្ថាបត្យករខ្មែរដ៍ល្បីល្បាញទាំងនៅក្នុងស្រុកនិងក្រៅស្រុករូបនេះឡើយ ។
យ៉ាងណាក៍ដោយ នៅក្នុងពេលចុះសួរសុខទុក្ខនិងចែកអំណោយប្រជាពលរដ្ឋនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី១៦ តុលាថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីថា ទឹកជំនន់មិនមែនកើតឡើងដោយសារតែការលុបបឹងនានានោះទេ គឺដោយសារស្ថានភាពនៃការប្រែប្រួលអាកាសធាតុជាសកលតែប៉ុណ្ណោះ ៕