ខាងលើជាសំណួររបស់អ្នកតាមដាននយោបាយក្រៅប្រទេស ពិសេសប្រទេសថៃ ក្រោយពេលដែលអ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅថ្ងៃពុធនេះបានច្រានចោលពីលទ្ឋភាពនៃការធ្វើរដ្ឋប្រហារយោធាទម្លាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ឋ ចាន់អូចា ពីតំណែង ក្រោយពីគេឃើញកងទ័ពថ្មើរជើងមួយចំនួនត្រូវបានគេរាយការណ៍ថាកំពុងចល័តរថពាសដែកនៅភាគខាងកើតជាយរាជធានីបាងកក និងកងទ័ពធ្លាប់ប្តេជ្ញាការពារព្រះមហាក្សត្រ។
ក្រុមអ្នកតាមដាននយោបាយថៃ បានមើលឃើញពីលទ្ឋភាពខ្ពស់អំពីរដ្ឋប្រហារយោធាមួយដែលអាចនឹងកើតឡើងលើកទី១៩ នៅក្នុងព្រះរាជាណាចក្រក្បែរខាងកម្ពុជា ដែលតែងតែមានរដ្ឋប្រហារយោធាច្រើនបំផុតលើផែនដី ហើយដែលរដ្ឋប្រហារនេះអាចនឹងកើតមុនពេលរដ្ឋសភាថៃបើកកិច្ចប្រជុំនៅថ្ងៃទី២៦-២៧ តុលា ដើម្បីសប្តាហ៍ក្រោយនេះ ។
យ៉ាងណាក្តី លោកស្រី ស៊ីរីចាន់ ង៉ាតថង (Sirichan Ngathong) បានបដិសេធនៅថ្ងៃទី២១ តុលានេះថាការដឹកជញ្ជូនរថពាសដែក Stryker ចំនួន១៤គ្រឿងពីទីក្រុងកំពង់ផែ Laem Chabang ក្នុងខេត្ត Chonburi មិនមែនឆ្ពោះទៅភាគខាងកើតក្រុងបាងកកនោះ មិនមែនជាការប៉ុនប៉ងធ្វើរដ្ឋប្រហារដូចពាក្យចចាមអារ៉ាម នៅលើបណ្ដាញទំនាក់ទំនងសង្គមនោះឡើយ ដោយលោកស្រីប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនិងដែលត្រូវ CNA ស្រង់ប្រសាសន៍លោកស្រីថា រថពាសដែកទាំងនេះ ត្រូវបានបញ្ជាឱ្យដឹកទៅកាន់បន្ទាយក្នុងខេត្ត Saraburi ដោយត្រូវឆ្លងកាត់ភាគខាងកើតជាយរាជធានីបាងកក តែប៉ុណ្ណោះ។
ងាកមកក្រុមអាវលឿងដែលគឹដឹងថាជាក្រុមការពាររបបរាជានិយមនិងព្រះមហាក្សត្រដ៍ជ្រាលជ្រៅនោះវិញ នៅថ្ងៃពុធនេះក៍បានចេញមកប្រកាសថា ពួកគេ(ក្រុមអាវលឿង)មិនមានបញ្ហាអ្វីនោះទេចំពោះក្រុមបាតុករដែលកំពុងធ្វើបាតុកម្មទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ក៏ប៉ុន្តែក្រុមបាតុករមិនត្រូវប៉ះពាល់ព្រះមហាក្សត្រ Maha Vajiralongkorn ជាដាច់ខាត។
បាតុករស្មោះស្ម័គ្រនឹងរបបរាជានិយមថៃម្នាក់ដែលត្រូវបាន Reuters ដកស្រង់សម្ដីដោយអ្នកស្មោះស្ម័គ្រនឹងព្រះមហាក្សត្ររូបនោះបានលើកឡើងថា «ខ្ញុំសូមអង្វរពួកអ្នក ធ្វើអ្វីដែលពួកអ្នកចង់ធ្វើចុះ ប៉ុន្តែ មិនត្រូវប៉ះពាល់ព្រះមហាក្សត្រជាដាច់ខាត។ ខ្ញុំមិនចង់ឱ្យមានអំពើហិង្សា ហើយខ្ញុំសូមអង្វរម្ដងទៀត កុំនាំរបបរាជានិយមទៅប្រឡាក់ប្រឡូកនឹងនយោបាយ»។
សូមបញ្ជាក់ថា បាតុកម្មនៅថៃ ចាប់ផ្តើមទាក់ទាញមនុស្សឲ្យចូលរួមកាន់តែច្រើនបន្ទាប់ពីរដ្ឋាភិបាលប្រកាសក្រឹត្យអាសន្ន និងចាប់ខ្លូនបាតុករ រួមទាំងមេដឹកនាំបាតុកម្មមួយចំនួនផងដែរ។ មេធាវីរបស់មេដឹកនាំបាតុកម្មបានអះអាងថា កូនក្តីរបស់ខ្លួនខ្លះ ត្រូវបានប៉ូលិសចាប់ខ្លួនសារជាថ្មី បន្ទាប់ពីតុលាការអនុញ្ញាតឲ្យស្ថិតនៅក្រៅឃុំមិនយូរប៉ុន្មានផងនោះ។
គោលបំណងនៃការធ្វើបាតុកម្មរបស់ក្រុមយុវជន គឺទាមទារឲ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង កំណែទម្រង់រដ្ឋធម្មនុញ្ញ និងកាត់បន្ថយអំណាចស្ដេច។ លោក ប្រាយុទ្ធ បានអះអាងថា លោកនឹងមិនចុះចេញពីតំណែងឡើយ ប៉ុន្តែលោកយល់ព្រមតាមសំណើររបស់ប្រធានរដ្ឋសភា ក្នុងការបើកកិច្ចប្រជុំរដ្ឋសភាវិសមញ្ញនៅថ្ងៃទី២៦ ខែតុលាដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយ។
នៅក្នុងសភាថៃ ទាំងរដ្ឋសភា និងព្រឹទ្ធសភា លោកប្រាយុទ្ធមានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភា ដែលគាំទ្រលោកជាច្រើន ត្បិតអីសមាជិកព្រឹទ្ធសភាថៃ ត្រូវបានជ្រើសតាំងដោយរបបយោធា មុនការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។
រង់ចាំតាមដានព្រឹត្តិការណ៍នៅថៃ ថានឹងមានអ្វីប្រែប្រួលនៅប៉ុន្មានថ្ងៃខាងមុខ ? ៕