ខេត្តសៀមរាប ៖ កម្លាំងនគរបាលផែនសន្តិសុខនៃស្នងការដ្ឋានខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរអាវុធខុសច្បាប់ និងរកឃើញកាំភ្លើងប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់ រួមទាំងសម្ភារមួយចំនួនទៀត ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងខេត្តសៀមរាប បានឲ្យដឹងថា មុខសញ្ញាជួញដូរអាវុធ ឈ្មោះ អ៊ុំ ពេជ្ររស្មីឧត្តម ភេទប្រុស អាយុ២០ឆ្នាំ ស្ថិតនៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី បន្តថា ករណីនេះកម្លាំងជំនាញ បានចុះឆែកឆេរផ្ទះជនសង្ស័យមួយកន្លែង បានរកឃើញកាំភ្លើង ប្រភេទប្រើហ្គាស ០៣ដើម និងគ្រាប់មួយចំនួន រួមទាំងសម្ភារមួយចំនួនរួមមាន ៖ កាំភ្លើងមួយដើមម៉ាក Glock19 ពណ៌ខ្មៅ លេខ DN16697 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមានបង់ចំនួន ០១, កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN020580 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមានបង់ចំនួន ០២, កាំភ្លើងមួយដើមម៉ាក Combat master ពណ៌ខ្មៅ លេខ DN00050 ជាប្រភេទប្រើហ្គាស គ្រាប់ជ័រ គ្រាប់ដែក រួមមានបង់ចំនួន ០២, កំប៉ុងហ្គាសចំនួន ៤ កំប៉ុង, គ្រាប់ជ័រចំនួន ៣ កញ្ចប់, គ្រាប់ដែកចំនួន ៨ ប្រអប់, គ្រាប់ពិតប្រើសម្រាប់ប្រភេទគ្រាប់កាំភ្លើង វ៉ាងឌីឡុង ចំនួន ១០០គ្រាប់, Laptop ម៉ាកMSI ពណ៌ខ្មៅ ចំនួន១ Mouse ចំនួន១ និងកាសដាក់ត្រចៀកចំនួន១ ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បញ្ជាក់ថា ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជួញដូរអាវុធ ដោយខុសច្បាប់មែន ហើយកន្លងមកបានលក់ចេញនូវអាវុធពិត ចំនួន២ដើម និងអាវុធប្រើហ្គាស ប្រើគ្រាប់ដែកជ័រ បានជាច្រើនដើមទៀត ទៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ។
បច្ចុប្បន្ន សមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ នារសៀលថ្ងៃទី០៥ ឧសភានេះ ៕



