រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនបុរសម្នាក់ ដែលបន្លំជានគរបាលក្រសួងមហាផ្ទៃ ពាក់ផ្កាយ២ ក្រោយធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែចូលមិនសម្រេច ក៏បានគេចវេសមិនព្រមសងប្រាក់វិញ រហូតដល់គំរាមបាញ់សម្លាប់រងគ្រោះ បើសិននៅតែទារលុយវិញទៀត នេះបើតាមផេកហ្វេសប៊ុករបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។
ជនក្លែងជានគរបាលក្រសួងមហាផ្ទៃពាក់ផ្កាយ២នេះ ត្រូវចាប់ខ្លួនកាលថ្ងៃទី០៤ ឧសភា ២០២០ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
បើតាមលោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាលនគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ សេង សុភ័ក្រត្រា អាយុ៤៧ឆ្នាំ ។ ក្រោយឃាត់ខ្លួនសួរនាំ ក៏បែកធ្លាយរឿងជនសង្ស័យរូបនេះ បន្លំជានគរបាលពាក់ផ្កាយ២ នៅក្រសួងមហាផ្ទៃ បានធ្វើសកម្មភាពគំរាមសម្លាប់ និងគំរាមហែកកេរ្ដិ៍ ដោយប្រើប្រាស់អាវុធខុសច្បាប់ រួមនិងករណីឆបោកប្រាក់ចំនួន ១០,៥០០ដុល្លារ ។
លោកវរសេនីយ៍ឯក មុំ ចេក បន្ថែមថា ការឃាត់ខ្លួនជនសង្ស័យនេះ រួមជាមួយអាវុធខ្លីមួយដើមម៉ាក Glock26 និងគ្រាប់មួយចំនួន ដោយអាវុធខ្លីនេះគ្មានលិខិតប្រើប្រាស់ទេ ។
ជនសង្ស័យ ក៏បានសារភាពដែរថា ខ្លួនពិតជាបានក្លែងបន្លំ ធ្វើជាមន្ដ្រីនគរបាលជាតិ ឋានន្ដស័ក្ដិ ផ្កាយ២ នៅក្រសួងមហាផ្ទៃ ប្រាកដមែន និងបានយកប្រាក់ពីជនរងគ្រោះចំនួន ១០,៥០០ដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ប៉ុន្តែរត់ការមិនបានសម្រេច ហើយក៏ចាយអស់ទៅ ពេលជនរងគ្រោះទូរស័ព្ទទារលុយ ខ្លួនបានផ្ញើសារ គំរាមបាញ់សម្លាប់ បើសិននៅតែទារលុយទៀត ។ លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។
បច្ចុប្បន្ន មន្ត្រីជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕