រាជធានីភ្នំពេញ ៖ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានអះអាងថា មន្ត្រី៤រូប ដែលរងពិន័យដកមុខតំណែង និងព្យួរពីសកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត ដោយសារអ្នកទាំងនោះពាក់ព័ន្ធ នឹងអំពើពុករលួយចាប់តាំងពីឆ្នាំ២០១៣មក ដែលកិបកេងប្រាក់ជិត៦ម៉ឺនដុល្លារ ក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ Tiger Street Football ។
សូមជម្រាបថា (មន្ត្រីនិងអតីតមន្ត្រី៤រូបត្រូវបានព្យួរការងារអស់មួយជីវិត ព្រោះប្រព្រឹត្តិខុសវិន័យធ្ងន់ធ្ងរ) មន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំង៤រូប រួមមាន លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និងលោក គល់ សុភារម្យ ។
នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី០៦ ឧសភា ២០២០ នៅពហុកីឡដ្ឋានជាតិ លោក កែវ សារ៉េត បានឲ្យដឹងថា ក្រុមការងារតាំងពីឆ្នាំ២០១៣នោះ បានយកចំណែកទឹកប្រាក់៣០ភាគរយ នៃព្រឹត្តការណ៍ Tiger Street Football ជារៀងរាល់ឆ្នាំ យកទុកដោយមិនប្រគល់ឲ្យសហព័ន្ធទេ ដែលនេះជាការរំលោភលើសេចក្តីទំនុកចិត្ត របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
លោក សារ៉េត បានបញ្ជាក់ថា ទំហំទឹកប្រាក់នៅក្នុងអំពើឃុបឃិតគ្នាជាប្រព័ន្ធ ត្រូវបានបាត់បង់ប្រមាណ ៥៩,៧៣៦ដុល្លារ គិតចាប់តាំងពីឆ្នាំ២០១៣មក ។ ហើយនេះមិនរាប់បញ្ចូលព្រឹត្តិការណ៍ប្រកួតធំៗជាច្រើន នាពេលកន្លង នៅឡើយទេ ។ បើគិតចំនួនទឹកប្រាក់នោះ ថាច្រើនក៏បាន ប៉ុន្តែបើយើងនិយាយពីពេលវេលាចាប់ពីឆ្នាំ២០១៣ មកប្រមាណជា៧ ទៅ៨ឆ្នាំ ធ្វើឲ្យគណៈកម្មការប្រតិបត្តិលោកមិនពេញចិត្ត ដែលបានរំលោភលើក្រមសីលធម៌ វិន័យ សេចក្តីថ្លៃថ្នូរ ក្នុងវិស័យបាល់ទាត់ របស់កម្ពុជា ហើយក៏ប៉ះពាល់ផងដែរដល់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា ៕
