ខេត្តប៉ៃលិន ៖ សេចក្តីរាយការណ៍ពីភ្នាក់ងារអ្នកសារព័ត៌មានកោះសន្តិភាពប្រចាំខេត្តប៉ៃលិន បានអោយដឹងថា គិតមកដល់រសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ បុរសម្នាក់ ដែលបានដុតម៉ូតូចោល ដោយខឹងនគរបាលធ្វើការផាកពិន័យអស់ជាង១០ម៉ឺននេះ បានចូលខ្លួនទៅសុំទោសសមត្ថកិច្ចវិញហើយ តាមការណែនាំរបស់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ។
បើតាមប្រភពពីបុរសដែលបានដុតម៉ូតូចោល បានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពអោយដឹងថា លោកមានឈ្មោះ ដូង វិឆ័យ អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោក ដូង វិឆ័យ ត្រូវជាកូនប្រសាររបស់លោក ង៉ែត ទូច មេភូមិទួលខ្ពស់ បានរៀបរាប់ប្រាប់ថា លោកបានដុតម៉ូតូនោះពិតមែន គឺស៊េរីឆ្នាំ១៩៩៨ ម៉ាកហុងដាឌ្រីម គ្មានកញ្ចក់ គ្មានស្លាកលេខ គ្មានកុងទ័រ និងលោកបើកបរអត់ពាក់មួកសុវត្ថិភាពទៀត ។ លោកបន្តថា ម៉ូតូចាស់នោះ រូបលោកទិញគេ ក្នុងតម្លៃ២៦ម៉ឺនរៀល តែលោកបានប្រគល់ប្រាក់ឲ្យគេចំនួន ៦ម៉ឺនរៀនសិន នៅខ្វះគេ២០ម៉ឺនរៀលទៀត ។
លោក ដូង វិឆ័យ បន្ថែមអោយដឹងទៀតថា នៅមុនពេលប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ រូបលោកបានដឹកកូនយកទៅមន្ទីរពេទ្យ ដែលមានរបួសក្បាល មែកឈើធ្លាក់ចំ ក៏ត្រូវនគរបាលចរាចរណ៍ឃាត់ផាកពិន័យ ត្រឹមតែ២ករណីប៉ុណ្ណោះ គឺអត់មួក និងអត់កញ្ចក់ ដោយតម្រូវឱ្យបង់ប្រាក់ចំនួន ១២០,០០០រៀល(១២ម៉ឺនរៀល) ប៉ុន្តែរូបលោកគ្មានប្រាក់ច្រើនទេ សុំបង់ត្រឹមតែ ២០,០០០រៀល(២ម៉ឺនរៀល) ប៉ុន្តែនគរបាលអត់ព្រមយកទេ ហើយណាមួយរូបគាត់ប្រញាប់ដឹកកូនទៅពេទ្យផង ខឹងចិត្តក៏ដុតម៉ូតូ រួមបន្តដំណើរនាំកូនទៅពេទ្យតែម្តង ។
សូមជម្រាបថា ហេតុការណ៍ដុតម៉ូតូខ្លួនឯងចោល បានកើតឡើងតាំងពីម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០១ ខែឧសភា មកម្ល៉េះ ខណៈពេលនគរបាលចុះដាក់កម្លាំងតាមគោលដៅ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ថ្មី ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សូមរម្លឹកថា តម្លៃម៉ូតូ២៦ម៉ឺនរៀល(ឲ្យ៦ម៉ឺនរៀល នៅខ្វះគេ២០ម៉ឺនរៀល) ផាកពិន័យ ១២ម៉ឺនរៀល ខឹងដុតចោលមុខប៉ូលិសចរាចរណ៍ ៕