ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៧ តុលានេះ បានប្រកាសឲ្យគ្រឺះស្ថានសិក្សាសាធារណៈគ្រប់កម្រិតសិក្សាទាំងអស់នៅទូទាំងប្រទេសបើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ វិច្ឆិកា ២០២០នេះតទៅ ។
បើតាមខ្លឹមសារនៃសេចក្តីណែនាំ ការដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនេះ គឺអនុញ្ញាតឲ្យមានការសិក្សាចំនួន៥ ថ្ងៃក្នុងមួយសប្តាហ៍ និងកំណត់ចំនួនមិនលើស២៥នាក់ក្នុងមួយថ្នាក់ សម្រាប់ថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាគ្រប់កម្រិត ។ រីឯគ្រឹះស្ថានមធ្យមសិក្សា ត្រូវអនុវត្តការសិក្សា ត្រឹម៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ និងកំណត់ចំនួនសិស្សមិនឲ្យលើសពី៣០នាក់ សម្រាប់កម្រិតសិក្សាថ្នាក់ទី ៧ ទី៨ ទី១០ និងទី១១។
ដោយឡែកសិស្សានុសិស្សថ្នាក់ទី៩ និងទី១២ ដែលត្រៀមប្រលងថ្នាក់ជាតិនាពេលខាងមុខ នឹងត្រូវបន្តអនុវត្តដូចក្នុងដំណាក់កាលទី២។ ដំណាក់កាលទី២ ដែលតម្រូវឲ្យអនុវត្តការរៀនពេញលេញ និងចំណុះសិស្សត្រឹម១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ។
គូសបញ្ជាក់ថា ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងសាធារណៈនិងឯកជន កាលពីថ្ងៃទី១៦ មីនា ឆ្នាំ២០២០ បន្ទាប់ពីកម្ពុជារកឃើញករណីផ្ទុកកូវីដ១៩ ជាបន្តបន្ទាប់ និងបានប្តូរការសិក្សាឲ្យសិស្សានុសិស្សរៀនតាមប្រព័ន្ធអនឡាយ ៕