មូស្គូ ៖ មន្ត្រីសុខាភិបាលរុស្ស៊ី បានរាយការណ៍ថា រកឃើញឆ្លងវីរុសថ្មីចំនួនជាង ១១.០០០ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ឧសភា ដែលចំនួនខ្ទង់ម៉ឺននេះ កើនឡើង០៤ថ្ងៃជាប់ៗគ្នា ដែលបានធ្វើឱ្យចំនួនអ្នកឆ្លង សរុបក្នុងប្រទេសនេះ កើនដល់ជាង ១៧៧.០០០ ករណី ។
ចំនួនអ្នកឆ្លងកូវីដ១៩ ផ្លូវការរបស់រុស្ស៊ី បានវ៉ាដាច់ប្រទេសអាល្លឺម៉ង់ និងបារាំង ដែលរុស្ស៊ីបានក្លាយជាប្រទេសធំលំដាប់ទី៥ ដែលមានអ្នកឆ្លងច្រើនជាងគេនៅលើពិភពលោក ។
ចំនួនករណីជាក់ស្តែងទំនងជាខ្ពស់ជាងនេះ ព្រោះថា មិនមែនប្រជាជនរុស្ស៊ីគ្រប់គ្នា សុទ្ធតែត្រូវបានធ្វើតេស្តនោះទេ ហើយមនុស្សជាច្រើនដែលឆ្លងវីរុសមិនបង្ហាញរោគសញ្ញាអ្វីទាំងអស់ ។
កាលពីសប្តាហ៍មុន អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បានលើកឡើងនៅក្នុងបណ្ដាញសង្គមរបស់លោកថា ប្រជាជនចំនួន ២% នៃប្រជាជនចំនួន ១២,៧ លាននាក់រស់នៅក្នុងទីក្រុងមូស្គូ គឺមានចំនួនច្រើនជាង ២០០.០០០ នាក់ ដែលអាចឆ្លងវីរុសនេះ ។ បច្ចុប្បន្នទីក្រុងមូស្គូ ដែលបានបញ្ជាក់មានករណីឆ្លងវីរុសសរុបចំនួន ៩៣.០០០ ករណី ៕