ហេតុ​អ្វី​បាត់មុខអ្នក​នាង កែវ ចាន់​និមល ជា​ដៃគូ​ជាមួយ​លោក ជា វិបុល ដូច​មុន?

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​កែវ ចាន់​និមល ដែល​ទស្សនិកជន​សរសើរ​ថា ជា​ដៃគូ​ពិធីករ​ដ៏​សក្ដិ​សមជា​មួយ​លោក​ជា វិបុល បាត់​មុខ​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ នៅ​តែ​លោក​ជា វិបុល ។ តើ​អ្នក​នាង​និមល លាឈប់​ពី​ការងារ ឬ​យ៉ាងណា ?

នា​ពេល ថ្មី​ៗ​នេះ ដោយ​មិន​អាច​ចាត់​ទុក​ថា ជា​ការណ៍​ពិត ឬ​យ៉ាងណា​នោះ​ទេ ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​ឲ្យ​ដឹង​ថា ពិធី​ការិនី កែវ ចាន់​និមល បាត់​មុខ​ពី​កម្មវិធី​ដែល​នាង​ធ្លាប់​បម្រើ​ការ​នៅ​ទូរទស្សន៍​ហង្ស​មាស អាច​មក​ពី​មានរឿង​ពាក់​ព័​ន្ឋ​ជាមួយ​លោក​ជា វិបុល ជា​ដៃគូ​ពិធីករ គឺ​ដូច​អ្វី​ដែល​ជា​ពាក្យ​ចចាមអារ៉ាម​ស្នេហា​នា​ពេល​កន្លង​មក ។ រឿង​នេះ​អ្នក​ទាំង​ពីរ​បា​នប​ដិ​សេ​ដ​រួច​ហើយ តែ​ប្រភព​ថា ភាព​ស្និទ្ធស្នាល​របស់​ពិធីករ ពិធី​ការិនី​ទាំង​ពីរ​នេះ​វា​នាំ​ឲ្យ​កើតជា​អ្វី​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ ។

ប្រភព​ដដែល​ថា ទំនោរ​ចិត្ត​រវាង​ពិធីករ​ទាំង​ពីរ គឺ​សាង​ពី​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​លើ​វេទិកា និង​ដំណើរ​វែង​ឆ្ងាយ​ពេល​ទៅ​បំពេញការងារ​តាម​បណ្ដា​ខេត្ត ។ ទំនង​ភាព​ស្និទ្ធស្នាល ចំអន់​គ្នា​អាច​ធ្វើ​ឲ្យ​ឈាន​ហួស​ពី​មិត្តភាព ។ មានការ​លេចឮ​ថា អ្នក​នាង គង់ សុ​ជាតិ ជា​ភរិយា​លោក​ជា វិបុល ក៏​យកចិត្តទុកដាក់​ចំណុច​នេះ​ដែរ ។
គួរ​ឲ្យ​ចាប់អារម្មណ៍​ថែម​ទៀត ដោយ​ទស្សនិកជន​កត់សម្គាល់​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​នាង កែវ ចាន់​និមល និង​លោក ជា វិបុល ដែល​ធ្លាប់​ចាប់​ដៃគូ​គ្នា​ក្នុង​កម្មវិធី​ជា​ច្រើន​នោះ ស្រាប់តែ​នៅ​ឃើញ​តែ​លោក វិបុល ជាមួយ​ដៃគូ​ថ្មី មាន​កញ្ញា ថន ល​ក្ខិ​ណា ប៉ែន ស្រី​ពេជ្រ និង​អ្នក​នាង គង់ សុ​ជាតិ ។
ទស្សនិកជន​រឹតតែ​ឆ្ងល់​ថែម​ទៀត ដ្បិត​កម្មវិធី​ដែល​អ្នក​នាង កែវ ចាន់​និមល កាន់​កន្លង​មក​ជាមួយ​លោក​វិបុល​នោះ ស្រាប់តែ​ជំនួស​ដោយ​អ្នក​នាង​គង់ សុ​ជាតិ ទៅ​វិញ ។

មុន​ពេល​អ្នក​នាង គង់ សុ​ជាតិ ទៅ​បំពេញការងារ​នៅ​ទូរទស្សន៍​ហង្ស​មាស ជាមួយ​លោក ជា វិបុល ធ្លាប់​លេចឮ​ពាក្យ​ចចាមអារ៉ាម​ថា លោក​វិបុល និង​អ្នក​នាង​និមល លាក់​លួច​ស្នេហ៍​នឹង​គ្នា ។ ទោះជា​យ៉ាងណា​ក្ដី​ពួក​គេ ប​ដិ​សេ​ដ​ថា វា​មិន​ពិត​ទេ ដ្បិត​សុ​ទ្ឋ​តែ​មាន​ប្តី មាន​ប្រ​ព​ន្ឋ រៀង​ៗ​ខ្លួន ។

បច្ចុប្បន្ន​តំណែង​ពិធី​ការិនី​របស់ កែវ ចាន់​និមល បាន​ធ្លាក់​ទៅ​លើ​អ្នក​នាង គង់ សុ​ជាតិ វិញ និង​បង្កើត​ជា​ការ​ងឿងឆ្ងល់ ។ អ្នកខ្លះ​សន្និដ្ឋាន​ថា ថ្នាក់ដឹកនាំ​ទូរទស្សន៍ បំបែក​អ្នក​នាង​និមល ពី​លោក​វិបុល ។ ការ​បំបែក​នេះ ព្រោះ​មិន​ចង់ឱ្យ​មានរឿង​អាស្រូវ​ស្នេហា កើតឡើង​ដូច​ពាក្យ​ចចាមអារ៉ាម ។
មានការ​លេចឮ​ដែរ​ថា អ្នក​នាង កែវ ចាន់​និមល នៅ​បំពេញការងារ​ដដែល តែ​អាច​អាក់អន់ចិត្ត​បាត់បង់​កម្មវិធី​ធំ​ៗ ។

ទោះជា​យ៉ាងណា​ក្ដី​គេ​ដឹង​ថា អំឡុង​ពេល​នេះ​អ្នក​នាង កែវ ចាន់​និមល បាន​ចេញ​ទៅ​អា​មេ​រិ​កមួយ​រយៈ ដូច្នេះ​ហើយ​វា​អាច​ជា​មូលហេតុ ដែល​នាំ​ឲ្យ​បាត់​មុខ​នាង​ពី​កម្មវិធី​ទូរទស្សន៍ ។ ធម្មតា​កាលណា​នាង​អវត្តមាន ត្រូវ​តែ​មាន​អ្នក​ជំនួស ទម្រាំ​នាង​ត្រឡប់​មក​វិញ ។

ច​ម្ង​ល់​ទស្សនិកជន​ចំពោះ​ការ​បាត់​មុខ​អ្នក​នាង កែវ ចាន់​និមល ពី​កម្មវិធី​ទូរទស្សន៍​នេះ មិន​ទាន់​រកបាន​ការ​បញ្ជាក់​ពី​រូប​នាង​ទេ ក្រៅ​តែ​ព័ត៌មាន​ដែល​មិន​ទាន់​ច្បាស់លាស់​នា​ពេល​នេះ ៕