ហាឡូវីន គឺជាពិធីបុណ្យខ្មោចប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៣១ តុលា នៅប្រទេសកាន់សាសនាគ្រឹស្ត និងបណ្តាប្រទេសមួយចំនួនទៀតមិនកាន់សាសនាគ្រឹស្ត ។ បុណ្យនោះប្រារព្ធធ្វើឡើងមុន១ថ្ងៃនៃពិធីបុណ្យសាសនាគ្រឹស្តលោកខាងខាងលិច All Hallow Day ។
អត្ថន័យរបស់ពិធីបុណ្យហាឡូវីន គឺដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ ។ អ្នកមានជំនឿប្រារព្ធពិធីបុណ្យហាឡូវីន បានតុបតែងលម្អផ្ទះសម្បែងរបស់ពួកគេជាមួយនឹងពន្លឺភ្លើងពណ៌ និងរូបតំណាងខ្មោចមានដូចជាគោមខ្មោច សម្លៀកបំពាក់ និងការតុបតែងមុខជាដើម ។ ផ្លែល្ពៅ គឺជានិមិត្តរូបមួយនៃពិធីបុណ្យខ្មោចហាឡូវីន ព្រោះវាមានរូបរាងដូចក្បាលមនុស្ស ហើយងាយស្រួលក្នុងការខួងយកគ្រាប់ចេញ ព្រមទាំងចោះប្រហោងភ្នែក និងមាត់ រួចដាក់ពន្លឺនៅខាងក្នុង ។ ក្រៅពីនេះក្នុងគេហដ្ឋាន នីមួយៗចាក់សំឡេង ឬរឿងខ្មោចបែបរន្ធត់ដើម្បីអបអរក្នុងពិធីបុណ្យ ។
ខាងក្រោមនេះគឺជាប្រវត្តិ ត្រួសៗរបស់ពិធីបុណ្យខ្មោចហាឡូវីន និងដើមកំណើតដំបូងដូចតទៅ៖
បុណ្យខ្មោចហាឡូវីនចាក់ឫសគល់យូរលង់ណាស់មកហើយនៅសម័យបុរាណដែលប្រារព្ធធ្វើឡើងនៅរាត្រីថ្ងៃទី៣១ តុលា ។ ជនជាតិ Celts ដែលរស់នៅ២ពាន់ឆ្នាំនៅតំបន់នោះ បច្ចុប្បន្នគឺជាប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងប្រទេសបារាំងភាគខាងជើង ពួកគេមានជំនឿថា សេចក្តីស្លាប់នឹងត្រឡប់មកកាន់ផែនដីវិញ។ ប្រភពកំណើតរបស់ពិធីបុណ្យខ្មោចហាឡូវីន គឺមកពីប្រទេសអៀរឡង់ និងប្រទេសស្កុតលែនជំនាន់បុរាណ ពោលគឺជាសម័យរបស់ព្រះយេស៊ូគ្រឹស្ត ។
ថ្ងៃទី៣១ តុលា ត្រូវគេហៅថា «ថ្ងៃបុណ្យហាឡូវីន» នៅពេលដែលគ្រឹស្តសាសនិកប្រកាសថាថ្ងៃទី១ វិច្ឆិកា គឺជាថ្ងៃបុណ្យ All Hallow Day ។
ក្រោយមកពួកគ្រឹស្តសាសនិកបានបង្កើតថ្ងៃជាមិនិត្តរូបឱ្យពួកសាវ័កបរិសុទ្ធ ខណៈពួកគេគ្មានថ្ងៃជានិមិត្តរូបទាល់តែសោះ ។ ទីបំផុតពួកគេមានថ្ងៃបុណ្យផ្ទាល់ខ្លួនគឺ «ពិធីបុណ្យមុនពេលរាត្រី» ឬ «All Hallow Eve» ដែលក្រោយមកត្រូវគេហៅកាត់ថា «Halloween» រហូតមកដល់ពេលបច្ចុប្បន្ននេះ ។ Halloween មានន័យថា hallowed evening ឬ holy evening ប្រែថា «ល្ងាចវិសុទ្ធ» ។
ដូចច្នេះហើយបានជាគេប្រារព្ធពិធីបុណ្យហាឡូវីននៅពេលល្ងាច គឺមុនពេលរាត្រីចូលមកដល់ ។
ហេតុអ្វីពិធីបុណ្យហាឡូវីធ្វើនៅរដូវស្លឹកឈើជ្រុះ ?
ពិធីបុណ្យហាឡូវីនប្រារព្ធធ្វើនៅប្រទេសកាណាដានៅថ្ងៃទី៣១ តុលា ឬអំឡុងថ្ងៃនេះ ។ យោងតាមអ្នកមានជំនឿចាស់បុរាណឱ្យដឹងថា វាគឺជាថ្ងៃដែលសម្គាល់រាត្រីនៃឆ្នាំ នៅពេលដែលព្រលឹងវិញ្ញាណ និងមនុស្សស្លាប់អាចឆ្លងមកក្នុងពិភពមនុស្សចូលលុកលុយបាន ។
ពិធីបុណ្យផ្សេងទៀតស្រដៀងពិធីបុណ្យហាឡូវីន ក្រៅពីពិធីបុណ្យខ្មោចហាឡូវីនក៏មានពិធីបុណ្យស្រដៀងគ្នានេះដែរដូចជា៖
-ពិធីបុណ្យ Devil’s Night ប្រែថា «រាត្រីបិសាច» ។ បុណ្យនេះត្រូវគេប្រារព្ធធ្វើឡើងនៅថ្ងៃទី៣០ តុលា ពោលគឺមុន១ថ្ងៃបុណ្យហាឡូវីននៅផ្នែកមួយចំនួននៃសហរដ្ឋអាមេរិក និងនៅប្រទេសមួយចំនួនទៀត ។
-ពិធីបុណ្យ Day of the Dead ប្រែថា «ថ្ងៃស្លាប់» គឺជាពិធីបុណ្យឈប់សម្រាករបស់ប្រទេសម៉ិកស៊ិកដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី២ វិច្ឆិកា ។ អត្ថន័យរបស់ពិធីបុណ្យនេះ គឺឱ្យក្រុមគ្រួសារទាំងអស់ទៅបួងសួងដល់វិញ្ញាណក្ខន្ធញាតិសន្តានរបស់ខ្លួនដែលបានស្លាប់ ហើយជួយឱ្យពួកគេមើលថែរក្សាការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព ៕