ចៅសង្កាត់ចោមចៅ១ លោក កង វង ត្រូវបានសមាជិកក្រុមប្រឹក្សាសង្កាត់ និងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមេភូមិ អនុភូមិទាំងអស់នៅទូទាំងសង្កាត់ចោមចៅទី១ ដាក់ពាក្យបណ្តឹងចំនួន៨ចំណុច ក្នុងនោះមានបទជេរប្រមាថ ពុករលួយ ប្រកាន់បក្សពួកនិងមិនចេះបែងចែកការងារជាដើម ។
លោក កង វង ត្រូវបានគេដឹងថា ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ហើយលោកបានចូលមកគណបក្សប្រជាជនកម្ពុជានិងបានបម្រើការងារក្នុងតួនាទីជាចៅសង្កាត់ចោមចៅ១ រយៈពេល៣ឆ្នាំមកហើយ ។
ជុំវិញពាក្យស្នើសុំអន្តរាគមន៍ពីលោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិសែនជ័យ ដើម្បីពិនិត្យដកលោក កង វង ចេញពីតួនាទីចៅសង្កាត់ចោមចៅ១ ចុះថ្ងៃទី០៦ វិច្ឆិកា ២០២០ ខាងលើនេះដែរ នៅរសៀលថ្ងៃទី១១ វិច្ឆិកា ២០២០ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីលោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិសែនជ័យ ជាពិសេសលោក កង វង ផ្ទាល់ ។
យ៉ាងណា លោកចៅសង្កាត់ចោមចៅ១ កង វង បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃពុធនេះថា លោកមិនបានឃើញមេហៅទៅសួរនាំអីផង ប៉ុន្តែគ្រាន់តែឃើញតែគេចុះផ្សាយ តាមព័ត៌មាន។ លោកអត់បានដឹងថា អ្នកប្ដឹងលោកមានប៉ុន្មាននាក់នោះទេ។ អ្វីដែលលោកដឹង គឺគេចោទលោកថា ជាអ្នករំលោភអំណាច ក្ដោបលុយ អត់ធ្វើការងារបម្រើប្រជាពលរដ្ឋជាដើម ប៉ុន្តែនេះគឺអាស្រ័យទៅលើបងប្អូនទាំងនោះថា ប៉ុណ្ណោះឃើញអីថានិងចុះ ហើយលោកយល់ថា ជារឿងច្រណែនប៉ុណ្ណោះ។
លោបន្តថា ម្យ៉ាងទៀតខ្លាចតែពាក្យមួយថា លោកធ្វើការចង់ងាប់មើលមិនឃើញ បន្ទាប់មកខ្លួនឯងខ្លាចចាញ់គេច្រណែនឈ្នានីសគេបែរជារករឿងដាក់គេដើម្បីអំណាចខ្លួនឯង តែអ្វីដែលជាការពិត លោកពុំបានប្រព្រឹត្តដូចជាការចោទប្រកាន់នោះឡើយ៕