ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី បានប្រកាសសាលដីកា ដោយបានសម្រេចប្រគល់ដី និងផ្ទះ នៅភូមិ រាំងកេសី ឃុំ រាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជូនទៅប្អូនប្រុស យូ ធារ៉ា និងប្រពន្ធឈ្មោះ បូរ សុភី គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិវិញ និងបានបង្គាប់ឲ្យលោក សាត គីមសាន ស្នងការខេត្តបាត់ដំបង និងប្រពន្ធ សងជំងឺចិត្តដល់ប្អូនប្រុស យូ ធារ៉ា និងប្រពន្ធ ចំនួន ៤លានរៀល ។
ជនរងគ្រោះ យូ ធារ៉ា បានប្រាប់លោក ផែង វណ្ណៈ តាមរយៈទូរស័ព្ទបន្ទាប់ពីចេញពីបន្ទប់សវនាការសាលាឧទ្ធរណ៍នៅរសៀលនេះថា ប្អូនប្រុស និងប្រពន្ធ ពិតជារំភើបចិត្ត រកអ្វីប្រៀបផ្ទឹមពុំបាន ដែលទទួលបានយុត្តិធម៌នៅថ្ងៃនេះ ហើយប្អូនប្រុស សូមគោរពអរគុណសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានបង្កើត ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ជួបប្រជាពលរដ្ឋរងគ្រោះគ្មានលទ្ធភាព តតាំងក្ដីតាមផ្លូវច្បាប់ និងសូមគោរពអរគុណលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ និង មេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដែលបានជួយការពារក្ដីតាមផ្លូវច្បាប់ រហូតប្អូនប្រុសទទួលបានយុត្តិធម៌ពិតប្រាកដនៅថ្ងៃនេះ ។
ជាមួយគ្នានេះដែរ ប្អូនប្រុស និងប្រពន្ធ ក៏បានគោរពអរគុណ ប្រធានតុលាការកំពូល និងប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី និងមន្ត្រីតុលាការពាក់ព័ន្ធដទៃទៀត ដែលបានសម្រេចក្ដី ផ្ដល់យុត្តិធម៌ជូនប្អូនប្រុស និងប្រពន្ធ ។
គួរបញ្ជាក់ថា នៅឆ្នាំ២០០៨ ប្អូនប្រុស យូ ធារ៉ា និងប្រពន្ធឈ្មោះ បូរ សុភី បានមានរឿងក្ដីប្ដឹងផ្ដល់ជាមួយលោក សាត គីមសាន និងប្រពន្ធ អស់រយៈពេលជាង ១០ឆ្នាំ មកហើយ ដែលរឿងក្ដីនោះ គឺផ្ដើមចេញពីការខ្ចីលុយ ចងការប្រាក់ចំនួន ៦,០០០ដុល្លារ ។
ក្រោយមកប្អូនទាំងពីរនាក់ប្ដីប្រពន្ធរកស៊ីខាត អត់មានលទ្ធភាពសង ក៏បានប្រគល់ដីស្រែចំនួន ៤ហិកតា ដល់លោក សាត គីមសាន និងប្រពន្ធ ដើម្បីទូទាត់បំណុល ។ ប៉ុន្តែដីស្រែ ៤ហិកតា នៅក្នុងស្រុកសង្កែ នៅតែមិនគ្រប់តម្លៃ ៦,០០០ដុល្លារទេ គឺនៅសល់ប្រាក់ ១,៣០០ ដុល្លារ ទៀតទើបគ្រប់ ។
ពេលវេលាចេះតែអូសបន្លាយ លុយនៅសល់ ១,៣០០ ដុល្លារ បានកើនការប្រាក់ រហូតដល់ ១៣,០០០ ដុល្លារ ហើយលោក សាត គីមសាន និងប្រពន្ធ ក៏ប្ដឹងទាមទារ រឹបអូសយកដី និងផ្ទះ នៅភូមិ រាំងកេសី ឃុំ រាំងកេសី ស្រុក សង្កែ ខេត្តបាត់ដំបង ដែលប្អូនទាំងពីរ កំពុងរស់នៅ រហូតដល់មានការប្ដឹងជាបទល្មើសព្រហ្មទណ្ឌ ចាប់ប្អូនប្រុសដាក់ពន្ធនាគារអស់រយៈពេល ៧ខែ ។
សាលាដំបូងខេត្តបាត់ដំបង បានកាត់ក្ដីរឹបអូសដកហូតដី និងផ្ទះ របស់ប្អូនទាំងពីរនាក់ ប្រគល់អោយលោក សាត គីមសាន និងប្រពន្ធ ។ ប្អូនទាំងពីរនាក់ កើតទុក្ខមិនសុខចិត្តក៏ប្ដឹងមកតុលាការជាន់ខ្ពស់ និងបានមកសុំជំនួយផ្លូវច្បាប់ពីលោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ រហូតទទួលបានយុត្តិធម៌នៅថ្ងៃនេះ ៕