អតីតតំណាងរាស្ត្រីគណបក្សសង្គ្រោះជាតិ លោកស្រី លី ស្រីវីណា ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា យល់ព្រមក្នុងការទទួលយកលោកស្រីធ្វើជាសមាជិកគណបក្សប្រជាជនកម្ពុជា ។ ការទទួលយកលោកស្រី លី ស្រីវីណា គឺធ្វើឡើងបន្ទាប់ពីអតីតមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងរូបនេះ បានត្រូវព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ វិច្ឆិកា ២០២០នេះ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យដោយផ្តល់នីតិសម្បទានយោបាយដល់លោកស្រី លី ស្រីវីណា មានន័យថា លោកស្រីអាចធ្វើនយោបាយឡើងវិញបាន បន្ទាប់ពីតុលាការកំពូលកម្ពុជាចេញសាលដីកាសម្រេចផ្អាកមិនឱ្យលោកស្រីនិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូបទៀតធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ។
ជាការកត់សម្គាល់ ការទទួលយកលោកស្រី លី ស្រីវីណា តាមសំណើសុំរបស់លោកស្រី ឲ្យចូលបម្រើក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាពីសំណាក់លោក ហ៊ុន សែន និង ព្រះមហាក្សត្រផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញនេះ បានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមន្ទីរសម្រាកព្យាបាល លី ស្រីវីណា ដែលគេដឹងថាជារបស់លោកស្រី លី ស្រីវីណា ត្រូវបានក្រសួងសុខាភិបាលកាលពីថ្ងៃទី០៦ វិច្ឆិកា ២០២០ សម្រេចបិទ បន្ទាប់ពីមេធាវីម្នាក់បានគាំងបេះដូងស្លាប់ និង ក្រសួងរកឃើញថាមន្ទីរសម្រាកព្យាបាល«លី ស្រីវីណា »ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្តល់សេវាសង្គ្រោះអ្នកជំងឺ ។
«អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមតាមទួរសព្ទបានទេពីលោកស្រី លី ស្រីវីណា ក៍ដូចជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅល្ងាចថ្ងៃទី១២ ព្រហស្បតិ៍ដដែលនេះ ៕