អង្គភាពការពារកុមារ (CPU) កាលពីថ្ងៃទី១០ វិច្ឆិកា ២០២០ បានបើកកកាយសំណុំរឿងកាលពី៦ឆ្នាំមុនក្រោយការស៊ើបអង្កេតចប់ នោះគឺមានព្រះសង្ឃមួយអង្គបានរំលោភសេពសន្ថវៈលើព្រះសង្ឃចំនួន១២អង្គ ក្នុងវត្តព្រះលានថ្មពូន ភូមិត្រាំង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមរយៈក្រុមការងារ«ម៉ាយលែន»ដែលមានការចូលរួមសហការពីស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនិងក្រុមការងារ CPU បានបញ្ជាក់ថា ព្រះសង្ឃ១២អង្គដែលត្រូវព្រះសង្ឃមួយអង្គរំលោភនោះ គឺមានអាយុពី ៨ ទៅ ១៧ឆ្នាំ ។ បើតាមរបាយការណ៍ដដែល ក្រោយពីបែកធ្លាយព័ត៌មានអំពីព្រះសង្ឃរំលោភព្រះសង្ឃនោះរួចមក ព្រះសង្ឃដែលជាជនសង្ស័យបានសឹក និងបានប្តូរឈ្មោះហើយបួសជាព្រះសង្ឃនៅក្នុងប្រទេសកម្ពុជានិងថៃបន្តទៀត ។
យ៉ាងណា សំណុំរឿងនេះ ទាំង CPUនិងស្នងការនគរបាលខេត្តកណ្តាលមិនបានបិទបញ្ចប់ការស៊ើបអង្កេតនោះទេក្រោយពីមានដីកាបង្គាប់ឲ្យចាប់ខ្លួនពីចៅក្រមស៊ើបសួរកាលពីថ្ងៃទី១២ កុម្ភៈ ២០១៥ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ុំ សុផុន ហៅ លឿង សុផុន ហៅ លឿង កែវមុនីរតនៈ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិឃ្លោយទី១ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម រួចបញ្ជូនទៅសាលាដំបូងដើម្បីចោទប្រកាន់និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕