ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសនៅថ្ងៃនេះថា រដូវវស្សាសម្រាប់ឆ្នាំ២០២០ បានបិទបញ្ចប់ជាស្ថាពរហើយ ។
បើតាមសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសរបស់ក្រសួងជំនាញដដែលបានបញ្ជាក់ដែរថា នៅពេលនេះ កម្ពុជាកំពុងទទួលរងនូវសម្ពាធទាប Sup-Tropic ជាមួយខ្យល់មូសុងឦសានកម្រិតបង្គួរ។
តាមរយៈសម្ពាធទាបខាងលើ នឹងធ្វើឲ្យធាតុអាកាសនៅក្នុងប្រទេសកម្ពុជា តំបន់ទំនាបកណ្តាលសីតុណ្ហភាពអប្បបរមាមានពី២២ទៅ២៤អស្សារសេ សីតុណ្ហភាពអតិបរមានមានពី៣០ទៅ៣២អង្សារសេ តំបន់ជួរភ្នំដងរែកនិងខ្ពង់រាបឦសានមានពី១៩ទៅ២១ សីតុណ្ហភាពអតិបរមាមានពី២៩ទៅ៣១អង្សារសេ និងតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមានមានពី ២៣ទៅ២៥អង្សារសេ និងអតិបរមាមានពី២៩ទៅ៣១អង្សារសេ ។
បើទោះបីរដូវវស្សាឆ្នាំ២០២០នេះ បានបិទបញ្ចប់យ៉ាងណាក្តី ក៍ប្រជាពលរដ្ឋមួយចំនួនដែលទទួលរងនូវការជន់លិចទឹកភ្លៀង ក៍ដូចជាមជ្ឈដ្ឋានខ្លះនៅតែបង្ហាញពីក្តីបារម្ភពីជំនន់ទឹកភ្លៀងនៅឆ្នាំក្រោយៗ ប្រសិនបើអាជ្ញាពាក់ព័ន្ឋមិនមានវិធានការច្បាស់លាស់ជាមុនដើម្បីការពារទឹកជំនន់នោះ ៕