កម្ពុជា-វៀតណាម បានសម្ពោធបើកការដ្ឋានសាងសង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយតាមគម្រោងការសាងសង់ស្តូបនេះនឹងត្រូវរួចរាល់នៅចុងឆ្នាំ២០២០នេះតែម្តង។
បើតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា ស្តូបមិត្តភាព កម្ពុជា-វៀតណាម ដែលសាងសង់ក្នុងបរិវេណសួនច្បារទំហំ៤ហិកតា នៅជិតមជ្ឈមណ្ឌលរដ្ឋបាលថ្មីខេត្តត្បូងឃ្មុំ គឺជាស្តូបមិត្តភាពទី២២ហើយ ត្រូវបានសាងសង់នៅក្នុងប្រទេសកម្ពុជា ។
ស្ថានទូតវៀតណាមនៅកម្ពុជា បានសង្កត់ធ្ងន់ថា ស្តូបមិត្តភាព កម្ពុជា វៀតណាម ទាំងអស់ដែលត្រូវបានសាងសង់ក្នុងប្រទេសកម្ពុជាគឺជាសក្ខីភាពប្រវត្តិសាស្ត្រកត់ត្រានូវបណ្តាពលីកម្មដ៏ធំធេញរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ជំនាញការវៀតណាម និងប្រជាជនវៀតណាមទាំងមូលក្នុងការជួយសង្គ្រោះដោយទាន់ពេលវេលាដល់ប្រជាជនកម្ពុជាឱ្យរួចផុតពីគ្រោះថ្នាក់ប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម និងបុព្វហេតុកសាងប្រទេសកម្ពុជាប្រកបដោយវិបុលភាពដូចសព្វថ្ងៃ ៕