អ្នកមានអំណាចនិងជាបងប្រុសចៅហ្វាយខេត្តពោធិសាត់ រំលោភយកដី លោកព្រាប សុវត្ថិ

សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី លោក ម៉ៅ ធនា​រក្ស និង​ដែល​គេ​ស្គាល់​ថា​ត្រូវជា​បងប្រុស​បង្កើត លោក ម៉ៅ ធ​និ​ន្ទ អភិបាលខេត្ត​ពោធិសាត់ រង​ការ​ចោទ​ថា​បាន​រំលោភ​យក​ដី​អ្នកចម្រៀង​ល្បីឈ្មោះ លោក ព្រាប សុវត្ថិ ។​

​នេះ​បើ​យោង​តាម លោក ហេង ឡុ​ង ប្រធាន​សមាគម​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម បាន​អះអាង​និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០២០​នេះ ។​

​បើ​តាម​លោក ហេង ឡុ​ង ដី​លោក ព្រាប សុវត្ថិ ដែល​ត្រូវ​លោក ម៉ៅ ធនា​រក្ស កំពុង​រំលោភ​យក​នោះ ស្ថិត​នៅ​ភូមិ​ពូ​ទ្រូ សង្កាត់​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គី​រី ។​

​សំណុំរឿង​ដីធ្លី​ខាងលើ​នេះ ត្រូវ​បាន​លោក ហេង ឡុ​ង បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម Facebook នា​រសៀល​ថ្ងៃ​អង្គារ​នេះ​មាន​ខ្លឹមសារ​ដូច​តទៅ​៖ «​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ ឈ្មោះ ផូ សំណាង (​ជា​ម្តាយ​លោក ព្រាប សុវត្ថិ​) តំណាង​ឱ្យ​លោក ព្រាប សុវត្ថិ បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ដើម​ចំនួន​៥​ម្ចាស់ មាន​ទំហំ​សរុប​ជាង​១៩​ហិ​កតា មា​នទី​តាំងនៅ​ភូមិ​ពូ​ទ្រូ សង្កាត់​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌល​គី​រី (​មាន​ឯកសារ​កាន់កាប់​របស់​ម្ចាស់​ដើម​) ហើយ​ក្រោយ​ពី​ការ​ទិញ​លក់​ម្ចាស់​ដើម​ទាំង​៥​នាក់​នោះ បាន​ផ្ទេរសិទ្ធិ​កាន់កាប់​ជូន លោកស្រី ផូ សំណាង ដោយ​មានការ​ចុះហត្ថលេខា​ទទួលស្គាល់​លើ​លិខិត​ផ្ទេរសិទ្ធិ​នោះ ដោយ​លោក​មេ​ភូមិ​ពូ​ទ្រូ លោក​ចៅសង្កាត់​សែន​មនោ​រម្យ ហើយ​ចុង​ក្រោយ​គឺ​ដោយ​លោក ន​ង ទ​ណ្ណា​រី ជា​អភិបាលស្រុក (​មាន​ឯកសារ​លិខិត​ផ្ទេរសិទ្ធិ​) ផង​ដែរ​។​

​ក្រោយ​ពី​ការ​ទិញ​លក់​រួចរាល់​ហើយ លោកស្រី ផូ សំណាង បាន​ចូល​កាប់​កាប់​ដោយ​សាធារណ​: ដោយ​សុច្ចរិត និង​បាន​សាងសង់​របង​ព្រំ​ដី​ផង​ដែរ​។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៥ និង ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ឈ្មោះ ម៉ៅ ធនា​រក្ស ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌល​គី​រី បាន​បញ្ជា​កូនចៅ​របស់​ខ្លួន ឲ្យ​ទៅ​វាយ​កំទេច​របង និង​ឈូស​ឆាយ​លើ​ដី​របស់​លោកស្រី ផូ សំណាង ក្នុង​បំណង​រំលោភ​យក​ដី​តែ​ម្តង​។​

​ករណី​នេះ​ឈ្មោះ​ផូ សំណាង បាន​ដាក់​ពាក្យបណ្តឹង សុំ​ដីកា​រក្សា​ការពារ ទៅ​សាលាដំបូង​ខេត្ត​មណ្ឌល​គី​រី កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ រួច​ហើយ តែ​រហូត​មក​ដល់​ពេល​នេះ ភាគី​ជន​រង​គ្រោះ មិន​ទាន់​បាន​ទទួល​ចំណាត់ការ​ពី​សាលាដំបូង លើ​ពាក្យ​បណ្តឹងសុំ​ដីកា​រក្សា​ការពារ​នោះ​នៅឡើយ​ទេ​។​»​។​

​ជុំវិញ​ការ​ចោទប្រកាន់​ពី​សំណាក់​លោក ហេង ឡុ​ង ខាងលើ​នេះ នៅ​ល្ងាច​ថ្ងៃ​អង្គារ​ដដែល​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​ដើម្បី​បំភ្លឺ​តប​បាន​ទេពី​លោក ម៉ៅ ធនា​រក្ស សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ៕