លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ កុំចេញក្រៅផ្ទះ បើមិនមានការចាំបាច់ ។
ការអំពាវនាវរបស់លោក ហ៊ុន សែន ជាសម្លេងតាមប្រព័ន្ឋតេឡេក្រាមនៅយប់ថ្ងៃទី២៨ វិច្ឆិកា ២០២០នេះ បានធ្វើឡើង បន្ទាប់ពីក្រសួងសុខាភិបាលបានរកសឃើញស្ត្រីខ្មែរម្នាក់ចូលផ្សារអ៊ីអន១ ផ្ទុកមេរោគកូវីដ១៩ និងក្រសួងសុខាភិបាលប្រកាសបិទផ្សារទំនើបអ៊ីអន១ជាបណ្តោះអាសន្ននោះរួចមក ។
បើតាមលោកប្រមុខរាជរដ្ឋាភិបាល ស្ត្រីខ្មែរដែលរកឃើញផ្ទុកមេរោគកូវីដ១៩នោះ ធ្លាប់បានឡើងចុះខេត្តសៀមរាប ញឹកញាប់ផងដែរ ។
ជាមួយគ្នានេះ លោក ហ៊ុន សែន ក៍បានណែនាំដល់អាណាព្យាបាល កុំឱ្យកូនចៅចេញក្រៅទៅណាមកណា នៅកន្លែងមានការជួបជុំមនុស្សច្រើន ដើម្បីជៀសវាងការដែលអាចមានការចម្លងកូវីដ១៩៕