ភរិយារបស់មន្ត្រីក្រសួងយុត្តិធ៌មមួយរូប ត្រូវបានក្រសួងសុខាភិបាលរកឃើញឆ្លងមេរោគកូវីដ១៩ ។ នេះបើយោងតាមសារសម្លេងជារបាយការណ៍ផ្ទាល់មាត់ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគេចែកចាយបន្តគ្នាតាមតេឡេក្រាមនៅយប់ថ្ងៃទី២៩ វិច្ឆិកា ២០២០នេះ ។
បើតាមសារសម្លេងដដែលភរិយាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធ៌មរូបនោះ បម្រើការងារនៅស្ថាប័នមីក្រូហិរញ្ញវត្ថុឯកជនមួយ ។
ចំណែកស្វាមីស្ត្រីដែលត្រូវរកឃើញផ្ទុកមេរោគកូវីដ១៩នេះ គឺជាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធ៌មម្នាក់ ដែលលោកធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំមួយនៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ វិច្ឆិកា ២០២០ ដែលកិច្ចប្រជុំនោះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
យ៉ាងណា នៅយប់ថ្ងៃអាទិត្យដដែលនេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ។ ចំណែកលោក ជិន ម៉ាលីន នៅមិនទាន់ឆ្លើយតបតាម Messenger ជុំវិញព័ត៌មានអំពីភរិយាមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធ៌មដែលក្រសួងសុខាភិបាលរកឃើញមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៩ វិច្ឆិកានេះ ។
បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ដែលកំពុងធ្វើចត្តាឡីស័កនេះ មាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព រដ្ឋលេខាធិការ លោក ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ លោក សុច សុផាន់ណារ៉ា អគ្គនាយករងកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និង លោក យ៉ម ផារ៉ូត នាយករងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ផងដែរ៕