លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តំណាងរាស្ត្រដែលធ្លាប់កើតជំងឺកូវីដ១៩ ហើយព្យាបាលជានោះ ពេលនេះរើឡើងវិញ ។
បើទោះបីជា លោក ហ៊ុន សែន មិនបានបញ្ចេញឈ្មោះចំ ប៉ុន្តែនៅកម្ពុជាគិតត្រឹមថ្ងៃទី៣០ វិច្ឆិកានេះ មានតែលោក សួស យ៉ារ៉ា តំណាងរាស្ត្រមណ្ឌលព្រះវិហារតែមួយគត់ដែលឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីលោកបានជួបចាប់ដៃនិងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបទេសហុងគ្រីដែលមានរោគកូវីដ១៩ កាលពីថ្ងៃទី០៣ វិច្ឆិកា ២០២០ ។
ដោយឡែកទាក់ទងទៅនឹងមេរោគកូវីដ១៩នេះដែរ លោក ហ៊ុន សែន បានហៅការឆ្លងក្នុងសហគមន៍ជាលើកដំបូងកាលពីថ្ងៃទី២៨ វិច្ឆិកានោះថាជា«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ។
បើតាមលោកប្រមុខរាជរដ្ឋាភិបាល អ្នកធ្វើតេស្តពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» នៅទូទាំងប្រទេស មានចំនួន ៣៣៣២សំណាក មកពី៧ខេត្ត ។ ចំណែកអ្នកឆ្លងកូវីដ១៩ ពី«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»គឺបានកើនឡើងដល់ ១៤នាក់ហើយ ។
ពីខេត្តសៀមរាប ទីដែលលោកអញ្ជើញជាអធិបតីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងខេត្តសៀមរាប លោក ហ៊ុន សែន ក៍បានអំពាវនាវជាថ្មីទៀតដល់ពលរដ្ឋកុំឲ្យភ័យស្លន់ស្លោរហូតដល់បាត់ម្ចាស់ការចំពោះ«ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា» ហើយថាក្នុងវេលានេះមិនមែនជាពេលទម្លាក់កំហុស ឬបន្ទោសគ្នានោះទេ តែជាពេលត្រូវរួមសាមគ្គីគ្នា ដើម្បីប្រយុទ្ធជំងឺកូវីដ១៩ ៕