Covid-19 ៖ តើវ៉ាក់សាំងកូវីដ១៩ នឹងចែកចាយនៅពេលណា ? ចម្លើយ គឺនៅមិនទាន់មានកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ អំពីការចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បានប៉ាន់ប្រមាណថា អាចនៅដើមឆ្នាំ ឬពាក់កណ្តាលឆ្នាំ២០២១ នេះបើតាមសំណេររបស់លោក ពុយ គា ជាអ្នកកាសែតជើងចាស់ម្នាក់ ។
លោក ពុយ គា ជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo បានសរសេរបន្តថា មុនពេលវ៉ាក់សាំងត្រូវបានផ្តល់ជូនឲ្យប្រើប្រាស់ WHO ត្រូវជំនះជាមុននូវបញ្ហាប្រឈមសំខាន់ៗមួយចំនួនរួមមាន ៖
ទី១. វ៉ាក់សាំងត្រូវតែបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការសាកល្បងព្យាបាលដ៏ធំ (ដំណាក់កាលទី៣) ។ វ៉ាក់សាំងជាច្រើន កំពុងត្រូវបានសិក្សា ហើយលទ្ធផលចុងក្រោយ ចេញពីការសាកល្បងព្យាបាល ដ៏ធំមួយចំនួន អាចនឹងចេញនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ។
ទី២. ទាមទារឲ្យមានការត្រួតពិនិត្យ ដោយឯករាជ្យ ម្តងហើយ ម្តងទៀត ពីភស្តុតាងប្រសិទ្ធភាព និងសុវត្ថិភាព រួមទាំងការពិនិត្យឡើងវិញ និងការអនុម័តបទប្បញ្ញត្តិ នៅក្នុងប្រទេស ដែលវ៉ាក់សាំងនេះត្រូវបានផលិត មុនពេល WHO ពិចារណាឲ្យផលិត ។ ផ្នែកមួយ នៃដំណើរការនេះ ក៏ពាក់ព័ន្ធនឹងគណៈកម្មាធិការប្រឹក្សាយោបល់ពិភពលោក ស្តីពីសុវត្ថិភាពវ៉ាក់សាំង ។
ទី៣. ក្រុមអ្នកជំនាញខាងក្រៅ ដែលត្រូវបានហៅដោយអង្គការសុខភាពពិភពលោកថា SAGE នឹងវិភាគលទ្ធផល ពីការសាកល្បងវេជ្ជសាស្ត្រពេទ្យ និងរួមជាមួយភស្តុតាង ស្តីពីជំងឺ ក្រុមអាយុ ដែលរងផលប៉ះពាល់ កត្តាហានិភ័យ នៃជំងឺ និងព័ត៌មានផ្សេងៗទៀត ។
ទី៤. វ៉ាក់សាំងត្រូវតែផលិត ក្នុងបរិមាណច្រើន ដែលនឹងក្លាយជាបញ្ហាប្រឈមដ៏ធំ និងមិនធ្លាប់មានពីមុនមក ។
ទី៥. ជាជំហ៊ានចុងក្រោយ វ៉ាក់សាំងត្រូវតែចែកចាយតាមរយៈការដឹកជញ្ជូនដ៏ត្រឹមត្រូវ ការគ្រប់គ្រងស្តុកយ៉ាងតឹងរឹង និងត្រួតពិនិត្យសីតុណ្ហភាពយ៉ាងដិតដល់ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានបេក្ខជនផលិតវ៉ាក់សាំងការពារកូវីដ-១៩ ដល់ទៅជាង១០០វ៉ាក់សាំង ឯណោះ ដែលកំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយចំនួននេះស្ថិតក្នុងដំណាក់កាលសាកល្បងលើមនុស្ស ៕