ស្ត្រីជនជាតិខ្មែរចំនួន២នាក់និងទារកអាយុ៧ខែម្នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ១៩ ធ្វើឲ្យករណីឆ្លងក្នុងស្រុកបានកើនសរុប១៧នាក់ហើយ ។
នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី០១ ធ្នូ ២០២០នេះ ។
បើតាមក្រសួងដដែលអ្នករកឃើញថ្មី៣នាក់នោះរួមមាន ៖ ស្ត្រីជនជាតិខ្មែរអាយុ ៦៤ឆ្នាំ មានអាសយដ្ឋាននៅស្នាក់នៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ត្រូវជាម្ដាយអ្នកជំងឺស្ត្រីអាយុ៣៦ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ និងស្ត្រីជនជាតិខ្មែរអាយុ ២៥ឆ្នាំ រួមនឹងទារក (ជនជាតិខ្មែរ) អាយុ៧ខែ មានអាសយដ្ឋានស្នាក់នៅក្នុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ បច្ចុប្បន្នអ្នកជំងឺត្រូវ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ចំណែកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ក្រសួងសុខាភិបាល បានធ្វើតេស្តកាលពីថ្ងៃទី៣០ វិច្ឆិកា ២០២០ សរុបបានចំនួន ២៦២១នាក់ (រាជធានីភ្នំពេញ ២១៣១នាក់) ។
សរុបអ្នកធ្វើតេស្ត នៅថ្ងៃទី២៩-៣០ វិច្ឆិកា មានចំនួន ៤៨៦៩នាក់ ដែលក្នុងនោះលទ្ធផលតេស្តបានបង្ហាញ ថាមានអ្នក វិជ្ជមានវីរុសកូវីដ-១៩ ថ្មី សរុបចំនួន១៧នាក់ (ក្នុងចំនួននេះ មានទាំងករណីវិជ្ជមានវីរុសកូវីដ- ១៩ ថ្មី ចំនួន០៣នាក់ខាងលើនេះដែរ) រីឯចំនួននៅសល់ ៤៨៥២នាក់ គឺមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។
គិតត្រឹមព្រឹកថ្ងៃទី០១ ធ្នូនេះដែរ អ្នកឆ្លងមេរោគកូវីដ១៩នៅទូទាំងប្រទេស គិតទាំងករណីនាំចូលនិងឆ្លងក្នុងសហគមន៍បានកើនដល់ ៣២៦នាក់ហើយ ក្នុងនោះករណីជាសះស្បើយ ៣០៤នាក់ (ស្ត្រី៦១នាក់) ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលទាំង២២នាក់ គឺ២០នាក់(ស្ត្រី១០) នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និង ២នាក់ទៀត នៅមណ្ឌលសុខភាពចាក់អង្រែក្រោម ៕