កូវីដ១៩ ៖ រកឃើញថ្មី៤នាក់បន្ថែមទៀត

នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ធ្នូ ២១០២០​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​ខ្លួន​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី ចំនួន​៤​នាក់​ថែម​ទៀត ដែល​អ្នក​ទាំង​៤​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍ ២៨​វិច្ឆិកា​»​។​

​បើ​តាម​ក្រសួង​ជំនាញ​ដដែល អ្នក​ដែល​រក​ឃើញ​ផ្ទុកមេរោគ​ទាំង​៤​នាក់​នោះ​រួម​មាន ៖

១៖ បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​បូ​រី លឹ​ម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ​ខណ្ឌ ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​នៅ​ហាង​លក់​កុំព្យូទ័រ ឈ្មោះ ឌី​ម កុំព្យូទ័រ ផ្លូវ​ព្រះ​សីហ​នុ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងថ្លៃ​ជីដូនមួយ​របស់​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​មាន​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

២៖ ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២​ឆ្នាំ ជា​ភរិយា​បុរស​អាយុ ៣៩​ឆ្នាំ​ខាងលើ មាន​អាសយដ្ឋាន​ស្នាក់​នៅ បូ​រី លឹ​ម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២០​។​

៣៖ កុមា​រា​ជនជាតិ​ខ្មែរ​អាយុ ០៣​ឆ្នាំ ត្រូវជា​កូនប្រុស បុរស​អាយុ ៣៩​ឆ្នាំ និង​ស្ត្រី​អាយុ​៣២​ឆ្នាំ ខាងលើ មាន​អាសយដ្ឋាន​ស្នាក់​នៅ​បូ​រី លឹ​ម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដែល​ត្រូវជា​ក្មួយ​ប្រុស​បុរស​អាយុ ២៣​ឆ្នាំ ដែល​បាន​រក​ឃើញ​វីរុស​កូ​វី​ដ​-១៩ នៅ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ ២០២០​។​

៤៖ បុរស​ជនជាតិ​ខ្មែរ​អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជ ធានី​ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះ​សីហ​នុ ជា​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ជា​ស្ត្រី​អាយុ​២១​ឆ្នាំ ដែល​បាន​ចូល​ទៅ​ហាង​នោះ​។​

​បច្ចុប្បន្ន​អ្នកជំងឺ​ទាំង​៤​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យ​បាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​-​សូ​វៀត ។​

​គិត​ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៩,៧៩៣​នាក់ ដែល​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩​ថ្មី សរុប​ចំនួន ២៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ៕