នេះបើយោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅប៉ុន្មាននាទីមុននេះ ។
នៅលើបណ្តាញសង្គមដដែល លោកប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា វ៉ាក់សាំងដែលរាជរដ្ឋាភិបាលទិញជំហានដំបូង១លានដូសនេះ នឹងត្រូវយកមកចាក់ជូនដោយឥតគិតថ្លៃចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យជាមុនសិន ។
បើតាមលោក ហ៊ុន សែន មួយលានដូស ចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ខណៈដែលកម្ពុជាមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។
លោកបន្តថា ល្ងាចនេះលោកបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើកម្ពុជាគួរទិញវ៉ាក់សាំងពីប្រទេសណា ? លោកថា លោកបានឲ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចត្រៀមថវិការួចរាល់ហើយ។
លោកនាយករដ្ឋមន្ត្រីបន្ថែមទៀតថា«ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕»៕