ឃាត់ខ្លួនយុវជនម្នាក់ បន្លំជាសង្ឃដើរបិណ្ឌបាត្រយកលុយទិញថ្នាំញៀន

យុវជន​ម្នាក់ ត្រូវ​បាន​កងកម្លាំង​រាជ​អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​តាម​ការ​ប្រាប់​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​យុវជន​នេះ បាន​បន្លំ​ធ្វើ​ជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ​ដើម្បី​យក​លុយ​ទិញ​ថ្នាំ​ញៀន ។​

​យុវជន​ដែល​ត្រូវ​ឃាត់ខ្លួន​នឹង​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​បន្ត​នោះ​ឈ្មោះ យ៉ុ​ក សុខ​ទិ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្រះ​ខ្វៅ ឃុំ​បាក់​ហុយ ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។​

​នៅ​ក្នុង​ការ​ឃាត់ខ្លួន​យុវជន​ខាងលើ​កាលពី​ថ្ងៃ​ទី​១២ ធ្នូ ២០២០ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ពណ៌​លឿង​ចំនួន ២​គ្រាប់ ទូរស័ព្ទ​ដៃ ១​គ្រឿង ប្រាក់​ចំនួន ៤០​ម៉ឺន​រៀល និង​ស្រោមសំបុត្រ​អញ្ជើញ​ចូលរួម​កសាង​វត្ត​មួយ​ចំនួន​ទៀត ៕