បុរសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានបង់លុយ ៥០០ដុល្លារ ជាថ្នូរទៅនឹងការបញ្ចប់រឿងដែលខ្លួនបានដកកាំំភ្លើងគំរាម បុរស៣នាក់ ដែលជិះម៉ូតូកាត់មុខផ្ទះបង្កសម្លេងខ្លាំងៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ធ្នូ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦១២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក។
បើតាមបុរសទាំង បីនាក់ ដែលគេមិនទាន់បង្ហាញអត្តសញ្ញាណបានប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង បីនាក់ ទើបចេញពីលេងកីឡាវិញ ដោយជិះម៉ូតូ ២ គ្រឿង ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៦១២ ក្នុងទិសដៅពីខាងជើង ទៅខាងត្បួង ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ អង្គុយនៅបង់មុខផ្ទះ បានស្រែកជេរ ។ ភ្លាមនោះ ពួកគេ មានចិត្តខឹង ក៏ចុះទៅសួរនាំ ស្រាប់តែបុរស ដែលជាម្ចាស់ផ្ទះ បានដកកាំភ្លើងខ្លី ចេញពីចង្កេះ ធ្វើឱ្យពួកគេ មានការភ័យខ្លាច ទើបបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច មកជួយធ្វើអន្តរាគមន៍។
ចំណែកភាគីម្ខាងទៀត ជាម្ចាស់ផ្ទះ បានឱ្យដឹងថា គាត់បានអង្គុយនៅមុខផ្ទះ ស្រាប់តែលេចមុខ បុរសបីនាក់ ជិះម៉ូតូ ពីរគ្រឿង កាត់មុខផ្ទះគាត់ ដោយឮសំឡេងម៉ូតូខ្លាំងពេក ទើបគាត់ស្រែក ស្រាប់តែបុរសទាំង បីនាក់នោះ ជិះម៉ូតូត្រឡប់ក្រោយ សំដៅមករកគាត់។ ពេលឃើញសភាព ដូចមិនសូវស្រួល ទើបគាត់ដកកាំភ្លើងខ្លី ចេញពីចង្កេះ ដើម្បីការពារខ្លួន បង្កឱ្យមានការឈ្លោះ ប្រកែកគ្នា យកត្រូវរៀងៗខ្លួន ។
ក្រោយមក ភាគីខាងម្ចាស់ផ្ទះដែលគេមិនបង្ហាញអត្តសញ្ញាណផងដែរនោះ សុខចិត្តចេញថ្លៃបង់ជំងឺចិត្ត ៥០០ ដុល្លារ ទៅឱ្យបុរសទាំង បីនាក់នោះ ដើម្បីបញ្ចប់រឿងតែម្ដង៕
ប្រភព ៖ RasmeiNews