រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាព នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង បានមានប្រសាសន៍ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេស នឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ។
លោកជំទាវ Tina Redshaw បន្តថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសម្រេចថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែក នៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធ លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែសព្វាវុធ(EBA) មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេស បានមើលឃើញពីផលប៉ះពាល់ នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើន នៃសង្គមកម្ពុជា ដែលក្នុងនោះ រួមមានទាំងកម្មកររោងចក្រផងដែរ ។
លោកជំទាវឯកអគ្គរាជទូត បានមានប្រសាសន៍ទៀតថា ចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធ និងវិស័យសិទ្ធិមនុស្ស និងសេរីភាព ផ្សេងៗទៀត ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសម្រេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថា ការសម្រេចចិត្តនេះ គឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជា នៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩ ។
លោករដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ថា កម្ពុជាបេ្តជ្ញាយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៌ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី ៕